សង្រ្គាមរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបង្កវិបត្តិថាមពលធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្រ្ត ដែលគំរាមកំហែងការផ្គត់ផ្គង់ថាមពលអន្តរជាតិ និងនឹងប៉ះពាល់គ្រប់ផ្នែកនៃសេដ្ឋកិច្ចពិភពលោក។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិពីមជ្ឈិមបូព៌ា ដែលភាគច្រើនដឹកកាត់តាមច្រកហ័រមូហ្ស បានធ្លាក់ចុះយ៉ាងគំហុក ធ្វើឱ្យតម្លៃថាមពលសកលហក់ឡើងត្រដែត។
ប្រទេសទាំងនេះអាចរងផលវិនាសសេដ្ឋកិច្ចខ្លាំងជាងគេ៖
១. ប្រទេស G7
សមាជិក G7 នៅអឺរ៉ុបកំពុងប្រឈមនឹងវិបត្តិថាមពលម្តងទៀត។ អាល្លឺម៉ង់ ដែលពឹងផ្អែកខ្លាំងលើឧស្សាហកម្ម និងអ៊ីតាលី ដែលមានវិស័យផលិតកម្មធំ ត្រូវប៉ះពាល់ខ្លាំងពីការកើនឡើងតម្លៃថាមពល។

ចក្រភពអង់គ្លេសងាយរងគ្រោះពីការហក់ឡើងតម្លៃឧស្ម័ន ដោយសារការផលិតអគ្គិសនីពឹងផ្អែកលើឧស្ម័នច្រើនជាងប្រទេសផ្សេងៗ។ ជប៉ុន ដែលនាំចូលប្រេង ៩០% ពីមជ្ឈិមបូព៌ា ក៏ត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
២. ប្រទេសមានទីផ្សារកំពុងរីកចម្រើន
តំបន់ឈូងសមុទ្រពែរ្ស និងអាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និងហ្វីលីពីន ត្រូវប្រឈមមុខនឹងការហក់ឡើងតម្លៃថាមពល និងហានិភ័យនៃកង្វះការផ្គត់ផ្គង់។
ឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេលើពិភពលោក កំពុងជួបការលំបាកពីការកើនឡើងតម្លៃថាមពល និងការខ្សោយនៃប្រាក់រ៊ូពី។
៣. ប្រទេសងាយរងគ្រោះផ្សេងៗ
ស្រីលង្កា ប៉ាគីស្ថាន និងអេហ្ស៊ីប ដែលទើបតែងើបពីវិបត្តិសេដ្ឋកិច្ច កំពុងជួបការលំបាកថ្មីៗពីផលប៉ះពាល់នៃជម្លោះនេះ។
ជម្លោះនៅមជ្ឈិមបូព៌ាកំពុងបង្កការបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចសកល ដោយគំរាមកំហែងការផលិតកម្ម ការនាំចេញ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន។
