សង្គ្រាមអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី២៣ហើយ ដោយសង្គ្រាមនៅតែខ្លាំងក្លា និងកាន់តែរាលដាល។ ក្រុងតេហេរ៉ង់បានគំរាមវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធគន្លឹះនៅតំបន់មជ្ឈឹមបូព៌ា ជាការឆ្លើយតបចំពោះឱសានវាទរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ។

លោកត្រាំបានគំរាមថា នឹងវាយប្រហារព្រមទាំងកម្ទេចបណ្ដាមជ្ឈមណ្ឌលអគ្គិសនីអ៉ីរ៉ង់ បើមិនព្រមបើកច្រកសមុទ្រហ័រមូសក្នុងរយៈពេល៤៨ម៉ោងទៀតទេនោះ។ អ៉ីរ៉ងបានឆ្លើយតមវិញ ដោយគំរាមវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពលពិសេសក្នុងតំបន់។
កងទ័ពអ៉ីស្រាអែលនិយាយថា បានវាយប្រហារនាកណ្ដាលក្រុងតេហេរ៉ង់ ក្រោយអ៉ីរ៉ង់វាយប្រហារបណ្ដាលឲ្យមានការបំផ្លាញធ្ងន់ធ្ងរលើភាគខាងត្បូងប្រទេសខ្លួន។ ការវាយប្រហារនេះបណ្ដាលឲ្យមនុស្សរងរបួសជាង១០០នាក់។
អ្នកនាំពាក្យកងទ័ពអ៉ីរ៉ង់ឧត្ដមសេនីយខាតាមអាល់អានប៊ីយ៉ាថ្លែងថា ប្រសិនបើបណ្ដាហេដ្ឋារចនាសម្ព័ន្ធប្រេងនិងថាមពលអ៉ីរ៉ង់រងការវាយប្រហារពីសំណាក់សត្រូវ នោះរាល់ហេដ្ឋារចនាសម្ព័ន្ធថាមពល បច្ចេកវិទ្យាព័ត៌មានវិទ្យានិងបណ្ដារោងចក្រចម្រាញ់ទឹក របស់អាមេរិកនិងរបស់បណ្ដាប្រទេសក្នុងតំបន់ នឹងរងការវាយប្រហារតបតវិញ។

ចំណែកអេមីរ៉ាត់អារ៉ាប់រួមវិញ និយាយថា បានឆ្លើយតបចំពោះការវាយប្រហារ ដោយមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់។ កងទ័ពអ៉ីរ៉ង់ប្រកាសថា នឹងវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងបណ្ដារោងចក្រចម្រាញ់ទឹកសមុទ្រមកជាទឹកសាប ក្នុងតំបន់ប្រសិនបើលោកត្រាំអនុវត្តការគំរាមរបស់ខ្លួន។
