
ខេត្តកំពង់ស្ពឺ៖ អ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីដែលទើបដេញថ្លៃបាន បានបញ្ជាឲ្យបុគ្គលិកនិងកូនចៅយកផ្លូវសាធារណៈជុំវិញផ្សារធ្វើជាកន្លែងផ្ញើម៉ូតូ បង្កឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរជុំវិញតំបន់នេះ។

ការយកផ្លូវសាធារណៈដាក់ផ្ញើម៉ូតូកង់ជុំវិញផ្សារកំពង់ស្ពឺត្រូវបានប្រជាពលរដ្ឋរិះគន់ថា ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន បែជាយកផ្លូវសាធារណៈរបស់រដ្ឋដាក់ជាកន្លែងផ្ញើម៉ូតូសម្រាប់យកលុយដាក់ហោប៉ាវខ្លួនឯង។ ទង្វើរបស់អ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីហាក់បីដូចជាមិនគោរពទៅតាមគោលការណ៍នៃការដេញថ្លៃរបស់ជំនាញពាក់ព័ន្ធ។

ដោយសារតែកន្លងទៅ អ្នកវិនិយោគផ្សារកំពង់ស្ពឺចាស់ដែលគេស្គាល់ថាក្រុមហ៊ុនរបស់លោកហោយាន ជាក្រុមហ៊ុនវិនិយោគតាមបណ្ដាផ្សារនានា មិនដែលមានការកកស្ទះក្នុងការធ្វើដំណើរជុំវិញផ្សារកំពង់ស្ពឺនេះទេ។ ប៉ុន្តែអ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីនេះហាក់បីដូចជាលោភលន់ មានអំណាចខ្លាំងណាស់ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍សាធារណៈរបស់រដ្ឋនោះទេ បែរជាយកផ្លូវសាធារណៈរបស់រដ្ឋនៅជុំវិញផ្សារកំពង់ស្ពឺធ្វើជាកន្លែងផ្ញើម៉ូតូយកលុយដាក់ហោប៉ាវយ៉ាងរំភើយទៅវិញ។

ប្រជាពលរដ្ឋក៏ដូចជាអ្នកមកផ្សារទិញម្ហូបធ្វើការសំណូមពរដល់អាជ្ញាធរនិងជំនាញពាក់ព័ន្ធ ជាពិសេសសណ្ដាប់ធ្នាប់ក្រុងច្បារមននិងខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យអន្តរាគមន៍រឿងអ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីនេះ។ ដែលយកផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកន្លែងផ្ញើម៉ូតូ ធ្វើឱ្យស្ទះចរាចរណ៍ស្ទើរតែជារៀងរាល់ថ្ងៃ។

ជាពិសេសគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្តាហ៍ មានប្រជាពលរដ្ឋជាច្រើនមកទិញអីវ៉ាន់នៅផ្សារកំពង់ស្ពឺ ហើយធ្វើដំណើរមានការកកស្ទះ មិនគោរពច្បាប់ចរាចរណ៍នោះទេ ក៏ព្រោះតែផ្លូវសាធារណៈរបស់រដ្ឋត្រូវបានក្រុមវិនិយោគផ្សារកំពង់ស្ពឺបានយកធ្វើជាកន្លែងផ្ញើម៉ូតូបាត់ទៅហើយ។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់ពីអ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីដែលទើបនឹងដេញថ្លៃបាននោះទេ ដោយសារតែមិនមានលេខទូរស័ព្ទធ្វើការសួរនាំនោះទេ។ មិនទាន់ដឹងថាតើប្រធានមន្ទីរហិរញ្ញវត្ថុខេត្តជួយបិទភ្នែកយ៉ាងណានៅឡើយទេ។ ប្រសិនបើមានប្រតិកម្មបែបណាមួយនោះ យើងនឹងផ្សាយជូននៅពេលក្រោយទៀត។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព៕

អត្ថបទសរសេរដោយ អ៊ុំ សំអូន (1K អត្តបទ)
កែសម្រួលដោយ ធីតា (30K អត្តបទ)
