ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បានចេញមុខផ្សព្វផ្សាយគំនិតយោបល់សំខាន់ៗចំនួន ១០ ចំណុច ស្ដីពីការកសាងកម្លាំងជាតិ និងបញ្ហាព្រំដែនកម្ពុជា-សៀម។

លោកបានចោទសួរថា៖ “បើខ្មែរមិនពង្រឹងខ្លួនឲ្យស្របតាមសភាពការណ៍និងកាលសម័យទេ ខ្មែរនឹងគេចមិនរួចពីការឈ្លានពាននិងរំលោភពីខ្មាំងសត្រូវទេ?” នេះជាចំណុចដំបូងក្នុងចំណោមចំណុចសំខាន់ៗទាំង ១០។
លោកបានពន្យល់បន្ថែមថា កត្តាសំខាន់របស់កម្ពុជាគឺត្រូវខិតខំកសាងខ្លួនឲ្យទៅជាប្រទេសខ្លាំង ទើបអាចការពារខ្លួនបាន និងជៀសផុតពីការឈ្លានពានរបស់ខ្មាំងសត្រូវ។ ដើម្បីខ្លាំង កម្ពុជាត្រូវមានធនធានមនុស្សខ្លាំង មានកងទ័ពខ្លាំង មានទាហ៊ានច្រើនសមស្រប និងមានអាវុធយុទ្ធភ័ណ្ឌទំនើបទាន់សម័យ។

លោកបានលើកឡើងពីបញ្ហាព្រំដែនជាមួយសៀមថា៖ “សៀមយកកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីទន្រ្ទានយកទឹកដីកម្ពុជា បញ្ជូនកងទ័ពចូលមកក្នុងទឹកដីកម្ពុជាក្រោយបទឈប់បាញ់ហើយស្រែកថាអ្នកណានៅត្រង់ណានៅកន្លែងនោះ?”
លោកបានបន្តថា ដោយដឹងថាកម្ពុជាមានកងទ័ពខ្សោយជាងខ្លួន សៀមបានស្រែកឲ្យខ្មែរថា បើចង់បានទឹកដីទៅវិញ ខ្មែរត្រូវវ៉ៃយកទៅវិញ។ លោកក៏បានចោទសួរថា៖ “អ្នកផ្តើមវ៉ៃគេមិនមែនជាឧក្រឹដ្ឋកម្មសង្គ្រាម ឯអ្នកត្រូវគេវ៉ៃបែរជាថាជាឧក្រឹដ្ឋកម្មសង្គ្រាមទៅវិញ?”
លោកបានបញ្ជាក់ថា ចង់បញ្ឈប់សង្គ្រាមមិនមែននៅលើមាត់ថាទេ លុះត្រាតែអ្នកដែលវ៉ៃគេឈប់វ៉ៃហើយដកទ័ពថយចេញពីតំបន់ជម្លោះ។
លោកបានលើកឡើងថា សៀមបានខិតខំកសាងសំណង់រឹងមាំនៅក្នុងទឹកដីខ្មែររួចហើយ ដូច្នេះគ្មានផ្លូវសៀមចូលតុចរចាដោយស្រាយបញ្ហាព្រំដែនទេ។ លោកបានបញ្ជាក់ថា ខ្មែរអត់មានចាញ់សង្គ្រាមជាមួយសៀមទេ តែសៀមប្រើល្បិចរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ចូលទន្ទ្រានយកទឹកដីកម្ពុជាដោយគ្មានការប្រយុទ្ធទេ។
ចំណុចចុងក្រោយលោកបានលើកឡើងថា បញ្ហាអាទិភាពរបស់សៀមគឺជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីកម្ពុជានៅជាប់ព្រំដែនកម្ពុជា-សៀម និងការពារនិងរក្សាទឹកដីដែលបានរំលោភយកពីកម្ពុជា។
ដោយ៖ លោក សុខ ឥសាន
