ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៉ើបសួរលើអ្នកបើកបររថយន្តបង្ក និងកូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម ក្រោយករណីបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅខណ្ឌឫស្សីកែវ។

មន្ត្រីសាលាដំបូងបញ្ជាក់ថា នីតិវិធីស៉ើបសួរកំពុងបន្ត ហើយប្រសិនបើឃើញមានពិរុទ្ធភាព ជនសង្ស័យទាំងពីរនឹងត្រូវចោទប្រកាន់ជាផ្លូវការ។ ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ១៧១១ សង្កាត់គីឡូម៉ែត្រលេខ៦។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញកាមេរ៉ាសុវត្ថិភាពដែលបញ្ជាក់ថា កូនអភិបាលស្រុកមិនមែនជាអ្នកបើករថយន្ត ប៉ុន្តែជាស្ត្រីដែលជាអ្នកបើកបរ។ លោកជួន ណារិន្ទ អគ្គស្នងការរងនគរបាលរាជធានីភ្នំពេញ បានពន្យល់ថា កូនអភិបាលស្រុកស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ហើយស្ត្រីជាអ្នកបើករថយន្ត។
ក្រោយការកើតហេតុ ប្រជាពលរដ្ឋនៅក្បែរកន្លែងបានខឹងសម្បានាំគ្នាវាយបុកជនបង្កហេតុ។ រថយន្តបង្កម៉ាក FORTHING បានបុកម៉ូតូ HONDA TODAY បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់។
នៅលើបណ្តាញសង្គមមានការរិះគន់យ៉ាងខ្លាំង ដោយសង្ស័យពីការផ្លាស់ប្តូរសម្លៀកបំពាក់របស់ជនសង្ស័យប្រុសមុននិងក្រោយការកើតហេតុ។
