ខេត្តសៀមរាប៖ ក្រុមបុរាណវិទូអាជ្ញាធរជាតិអប្សរា បានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណចំនួន៣ទីតាំង និងកសិន្ធុទឹកដ៏សំខាន់ ក្នុងការធ្វើកំណាយស្រាវជ្រាវអស់រយៈពេល១ខែនៅជុំវិញកំពែងព្រះបរមរាជវាំងអង្គរធំ។

លោក ស្រ៊ុន តិច បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការធ្វើកំណាយនៅទីតាំង៤កន្លែងបានបង្ហាញពីរចនាសម្ព័ន្ធកសិន្ធុទឹកដែលមានកសាងពីថ្មបាយក្រៀមចំនួន៩ទៅ១១កាំ និងមានកំណកដីចាក់បង្គររហូតដល់ជម្រៅ៣ម៉ែត្រ។

ប្រព័ន្ធបង្ហូរទឹកទាំងនេះមានតួនាទីរំដោះទឹកចេញពីបរិវេណព្រះបរមរាជវាំង ហូរចូលកសិន្ធុនាសម័យបុរាណ។ ក្រុមស្រាវជ្រាវក៏បានរកឃើញស្លាកស្នាមស្រះបុរាណមួយនៅទិសខាងជើងព្រះបរមរាជវាំង ដែលមានកាំធ្វើពីថ្មបាយក្រៀមចំនួន១៥កាំ និងមានចម្លាក់យ៉ាងប្រណីតនៅទិសខាងលិច។

លោកបុរាណវិទូបានពន្យល់ថា ប្រព័ន្ធបង្ហូរទឹក និងកសិន្ធុទឹកទាំងនេះត្រូវកប់បាត់ដោយកំណកដី និងដើមឈើដោយសារកត្តាពេលវេលា សកម្មភាពមនុស្ស និងការប្រែប្រួលអាកាសធាតុ។

ការស្រាវជ្រាវនេះនឹងផ្តល់ឱកាសដល់អាជ្ញាធរជាតិអប្សរាក្នុងការរៀបចំប្រព័ន្ធរំដោះទឹកបុរាណឱ្យមានតួនាទីដើមឡើងវិញ ដើម្បីដោះស្រាយបញ្ហាទឹកដក់នៅរដូវវស្សាក្នុងបរិវេណព្រះបរមរាជវាំង ដែលកើតឡើងរៀងរាល់ឆ្នាំដោយសារប្រព័ន្ធបង្ហូរទឹកបុរាណខូចខាតអស់រយៈពេលរាប់រយឆ្នាំមកហើយ។

