ឪពុកស្មោះត្រង់សុំប៉ូលិសយកកូនញៀនថ្នាំដាក់គុក បញ្ជាក់ថា ‘លែងដឹងឮហើយ’

ឪពុកស្មោះត្រង់សុំប៉ូលិសយកកូនញៀនថ្នាំដាក់គុក បញ្ជាក់ថា ‘លែងដឹងឮហើយ’

ខេត្តបាត់ដំបង៖ ស្នាមឈឺចាប់លើបបូរមាត់ និងទឹកមុខស្រងូតស្រងាត់របស់លោកឪពុកម្នាក់បានបង្ហាញពីការឈឺចាប់យ៉ាងកម្សត់ នៅពេលដែលគាត់សម្រេចលើកម្រាមដៃដប់សុំអង្វរសមត្ថកិច្ចយកកូនប្រុសញៀនថ្នាំនិងស្រាទៅដាក់គុក។

ឪពុកសុំប៉ូលិសយកកូនដាក់គុក

លោក ហាន ប៊ុនលឿន (៥០ឆ្នាំ) ឪពុកជនសង្ស័យ បានប្រកាសជាសាធារណៈនៅចំពោះមុខមន្ត្រីនគរបាលថ្ងៃទី២២ មិនា ថា៖ “ខ្ញុំលែងដឹងឮហើយ… សូមឲ្យលោកសមត្ថកិច្ចយកកូនខ្ញុំទៅដាក់គុក ទោះជាប់ប៉ុន្មានឆ្នាំក្ដី”។

ព្រឹត្តិការណ៍នេះកើតឡើងក្រោយពេលកូនប្រុសរបស់លោកឈ្មោះ លឿន លីផេង (២៩ឆ្នាំ) បានកាន់ដាវប្រវែងជិត១ម៉ែត្រ ធ្វើសកម្មភាពអុកឡុក និងកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកភូមិនៅភូមិខ្នារ ឃុំឈើទាល ស្រុកបាណន់។

ជនសង្ស័យត្រូវឃាត់ខ្លួន

លោកនាយប៉ុស្ដិ៍នគរបាលឃុំឈើទាល លោក ស៊ីម ពីទូ បានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗនៅវេលាម៉ោង១១:១៨យប់ថ្ងៃទី២១ មិនា ក្រោយទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ម៉ៅ ម៉េងសុង (៥៤ឆ្នាំ) ជាថៅកែរោងម៉ាស៊ីនកិនស្រូវ។

“ជននេះបានគ្រវីដាវប្រវែង០៨តឹក ដេញកាប់កម្មករម៉ាស៊ីនកិនស្រូវ កាប់របងផ្ទះគេ និងយកដុំថ្មគប់កម្មករបន្ថែមទៀត” លោកនាយប៉ុស្ដិ៍បានពន្យល់។

ស្នាមរបួសលើបបូរមាត់

លោក ហាន ប៊ុនលឿន បានរៀបរាប់ពីប្រវត្តិឈឺចាប់របស់គ្រួសារ៖ “កូនខ្ញុំវាធ្វើបាបខ្ញុំពេក។ នេះជាស្នាមវាវ៉ៃខ្ញុំ…! ខ្ញុំអស់លុយ អស់កាក់ច្រើនណាស់ហើយ។ ម៉ូតូអស់០២ទៅ០៣ក្រឿងហើយវាលក់”។

ជនសង្ស័យកំពុងត្រូវបានមន្ត្រីជំនាញសួរនាំដើម្បីចាត់ការតាមនីតិវិធីចំពោះបទប្រព្រឹត្តអំពើហិង្សានិងបំផ្លេចបំផ្លាញទ្រព្យអ្នកដទៃ។

administrator

Related Articles