សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានឈានចូលសប្តាហ៍ទី៣ ដោយប្រធានាធិបតីដូណាល់ត្រាំកំពុងជួបសម្ពាធពីសភាជុំវិញការចំណាយយោធាដ៏ធំធេង និងអនាគតនៃជម្លោះនេះ។

សមាជិកសភាអាមេរិកកាន់តែច្រើនឡើងបានចោទសួរអំពីពេលវេលាបញ្ចប់សង្គ្រាម និងថ្លៃដើមនៃការបញ្ចប់ជម្លោះជាមួយអ៉ីរ៉ង់។ លើសពី៣សប្តាហ៍ក្រោយពីការចាប់ផ្តើមសង្គ្រាម ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។
ទាហានអាមេរិកយ៉ាងតិច១៣នាក់បានស្លាប់ និងជាង២៣០នាក់រងរបួស។ មន្ទីរប៉ង់តាហ្គោនបានស្នើសំណើទឹកប្រាក់ដល់ទៅ២០០ពាន់លានដុល្លារ សម្រាប់ផ្គត់ផ្គង់សង្គ្រាមនេះ។
ប្រធានាធិបតីត្រាំបានគូសបញ្ជាក់កាលពីយប់ថ្ងៃទី២០មីនា ថាលោកគ្រោងកាត់បន្ថយប្រតិបត្តិការយោធាអាមេរិក ប៉ុន្តែលោកលើកឡើងពីទិសដៅ និងគោលដៅថ្មីៗ។

សភាអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កំពុងប្រឈមមុខនឹងការជ្រើសរើសថា តើត្រូវបន្តសង្គ្រាមដែលមានផលវិបាកធ្ងន់ធ្ងរយូរតទៅទៀតឬយ៉ាងណា។
យោងតាមច្បាប់ស្តីពីអំណាចនៃសង្គ្រាម ប្រធានាធិបតីអាចធ្វើប្រតិបត្តិសង្គ្រាមក្នុងរយៈពេល៦០ថ្ងៃដោយមិនបាច់មានការអនុម័តរបស់សភា។ រហូតមកទល់ពេលនេះ អ្នកសាធារណរដ្ឋបានបដិសេធគម្រោងសេចក្តីសម្រេចចិត្តជាច្រើនរបស់ពួកអ្នកប្រជាធិបតេយ្យ ដែលចង់បញ្ចប់ប្រតិបត្តិការយោធានោះ។
ប្រធានសភាជាអ្នកសាធារណរដ្ឋលោកម៉ៃចនសុនបានលើកឡើងថា បេសកកម្មដំបូងស្ទើរតែបំពេញបានទាំងស្រុង ប៉ុន្តែសមត្ថភាពរបស់អ៉ីរ៉ង់អាចគំរាមកំហែងបណ្តានាវាក្នុងច្រកសមុទ្រហើមូស។
អត្ថបទសរសេរដោយ ខាន់ សុខឃន | កែសម្រួលដោយ ស្រីណា
