ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍នេសាទ រៀបចំពិធីលែងត្រីកម្រ និងជិតផុតពូជចំនួន២ក្បាល ចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ ស្ថិតក្នុងស្រុកក្រគរ។

តាមការប្រកាសពីផេក Wonders of the Mekong កាលពីថ្ងៃទី២៣ ខែមីនា ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានលោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងសហគមន៍នេសាទអន្លង់រាំង បានចូលរួមលែងប្រភេទត្រីកម្រ និងជិតផុតពូជ។

ត្រីដែលត្រូវបានលែងរួមមាន៖
១. ត្រីរាជ៖ ទម្ងន់៤០គីឡូក្រាម ប្រវែង១៦៣សង់ទីម៉ែត្រ (ប្រគល់ដោយប្រជានេសាទឈ្មោះ ហោ ហៀង)
២. ត្រីគល់រាំង៖ ទម្ងន់៨គីឡូក្រាម ប្រវែង៧៣សង់ទីម៉ែត្រ (ប្រគល់ដោយប្រជានេសាទឈ្មោះ អ៊ុក នី)

ប្រតិបត្តិការនេះដឹកនាំដោយលោក ភុន សុវណ្ណា ដោយមានការចូលរួមពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កងកម្លាំងរាជអាវុធហត្ថស្រុកក្រគរ និងសហគមន៍នេសាទអន្លង់រាំង។

នេះជាលើកទី៣ហើយ សម្រាប់ក្នុងឆ្នាំ២០២៦នេះ ដែលប្រជានេសាទបានប្រគល់ប្រភេទជិតផុតពូជ ដែលសរុបទាំងអស់ចំនួន០៥ក្បាល (ត្រីគល់រាំង០២ក្បាល និងត្រីរាជ០៣ក្បាល)។



