ពលរដ្ឋថៃជាច្រើនកំពុងជួបប្រទះវិបត្តិប្រេងឥន្ធនៈធ្ងន់ធ្ងរ ដែលធ្វើឲ្យពួកគេត្រូវបង្ខំចិត្តយកកន្ទេលខ្នើយមកដេកចាំនៅមុខស្ថានីយប្រេង ដើម្បីទិញប្រេងឲ្យទាន់តម្រូវការ។

ករណីនេះកើតឡើងនៅខេត្ត Kamphaeng Phet ដែលប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាស្ពាយធុងសាំងមកបោះជំរំនៅពីមុខស្ថានីយប្រេង ដើម្បីរង់ចាំរថយន្តដឹកប្រេងមកដល់។ តាមការផ្សាយរបស់ Amarin កាលពីថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២៦ ពលរដ្ឋថៃទាំងក្មេងចាស់ប្រុសស្រីនាំគ្នាមកដេកចាំទិញប្រេង។
ស្ថានីយប្រេងឥន្ធនៈទាំងឡាយបានអនុវត្តវិធានការបន្ទាន់ ដោយកំណត់បរិមាណប្រេងដែលអនុញ្ញាតឲ្យចាក់ក្នុងធុង ឬសម្រាប់រថយន្តនីមួយៗមិនឲ្យលើសពី ៣,០០០ បាត។
នៅខេត្ត Phichit វត្ត Wichitraram ក៏លែងមានប្រេងម៉ាស៊ូតដើម្បីបូជាសពទៀតហើយ ដែលជាទុក្ខលំបាកសម្រាប់ពុទ្ធសាសនិកនិងព្រះសង្ឃ។ ព្រះតេជព្រះគុណ Luang Phi Bom ដែលជាព្រះចៅអធិការវត្ត បានបង្ហោះសារថា សពមួយត្រូវការប្រេងម៉ាស៊ូតប្រហែល៦០លីត្រដើម្បីបូជា។
ស្ថានីយប្រេងមួយចំនួនមិនព្រមលក់ប្រេងដាក់ក្នុងប៊ីដុង ហើយស្ថានីយខ្លះទៀតតម្រូវឲ្យវត្តបង្ហាញសំបុត្រមរណភាព ទើបព្រមលក់ឲ្យព្រោះខ្លាចគេបោក។
