តម្លៃមាសអន្តរជាតិបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដោយបាត់បង់ជាង ១,៣០០ ដុល្លារក្រោយពីឡើងដល់កំពូលប្រវត្តិសាស្ត្រនៅចុងខែមករា។ ការធ្លាក់ចុះធ្ងន់បំផុតកើតឡើងនៅសប្ដាហ៍មុន នៅពេលដែលជម្លោះនៅមជ្ឈិមបូព៌ាបង្កភាពព្រួយបារម្ភពីសម្ពាធអតិផរណាទូទាំងពិភពលោក។

តម្លៃមាសសម្រាប់ការជួញដូរភ្លាមៗ (Spot Gold) បានធ្លាក់ចុះ ៥,៨% មកនៅត្រឹម ៤,២២៦ ដុល្លារក្នុងមួយអោន នៅថ្ងៃចន្ទទី២៣ មីនា នៅទីក្រុងហុងកុង។ នេះជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី១១ ធ្នូ ឆ្នាំមុន និងជាការធ្លាក់ចុះសម្រាប់ការជួញដូរ ៩ ថ្ងៃជាប់ៗគ្នា។
កាលពីសប្ដាហ៍មុន តម្លៃមាសធ្លាក់ចុះរហូតដល់ ១០% ដែលជាការធ្លាក់ចុះប្រចាំសប្ដាហ៍អាក្រក់បំផុតក្នុងរយៈពេល ៤៣ ឆ្នាំ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ១៩៨៣។

ចាប់តាំងពីកំពូលប្រវត្តិសាស្ត្រ ៥,៥៩២ ដុល្លារក្នុងមួយអោន នៅថ្ងៃទី២៩ មករា តម្លៃមាសបច្ចុប្បន្នបានធ្លាក់ចុះប្រមាណ ២៤,៥% រួចទៅហើយ ដែលស្មើនឹងប្រមាណ ១,៣៦៨ ដុល្លារក្នុងមួយអោន។
អ្នកជំនាញបានបញ្ជាក់ថា ដោយសារជម្លោះអ៊ីរ៉ង់នៅតែបន្ត ហើយតម្លៃប្រេងនៅតែខ្ពស់ វិនិយោគិនបានផ្លាស់ប្ដូរការរំពឹងទុកពីការកាត់បន្ថយអត្រាការប្រាក់ ទៅជាការដំឡើងអត្រាការប្រាក់វិញ ដែលធ្វើឱ្យការទិញមាសលែងសូវទាក់ទាញ។
កត្តាដ៏សំខាន់មួយទៀតគឺភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិក និងការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) ក្នុងការរក្សាអត្រាការប្រាក់គោលឱ្យនៅដដែល ដោយសំអាងលើភាពមិនប្រាកដប្រជានៃជម្លោះនៅអ៊ីរ៉ង់លើសេដ្ឋកិច្ចអាមេរិក។
