ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានអះអាងថា កម្ពុជានៅមានប្រភពឧស្ម័នហ្គាស (LPG) គ្រប់គ្រាន់ ទោះបីក្រុមហ៊ុនសូគីមិចផ្អាកការផ្គត់ផ្គង់ចាប់ពីខែមេសា ឆ្នាំ២០២៦ ក៏ដោយ។

ក្នុងវីដេអូឃ្លីបចេញផ្សាយនៅថ្ងៃទី២៣ មីនា ២០២៦ រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមហ៊ុនសូគីមិចផ្គត់ផ្គង់ឧស្ម័ន LPG ប្រមាណតែ៣% នៃទីផ្សារសរុបនៅកម្ពុជា។ “ប្រសិនបើក្រុមហ៊ុនសូគីមិចមិនអាចផ្គត់ផ្គង់ឧស្ម័នហ្គាសចាប់ពីខែមេសា ឆ្នាំ២០២៦តទៅ យើងក៏នៅមានប្រភពមួយចំនួនធំទៀតដែលអាចផ្គត់ផ្គង់នៅក្នុងប្រទេសរបស់យើងបាន”។

រដ្ឋមន្ត្រីបានស្នើសុំប្រជាពលរដ្ឋកុំទាន់អាលមានការព្រួយបារម្ភ ភ័យស្លន់ស្លោរនៅក្នុងស្ថានភាពនេះ។ ការលើកឡើងនេះបន្ទាប់ពីក្រុមហ៊ុនសូគីមិចបានប្រកាសផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី០១ មេសា ២០២៦ ដោយសារស្ថានភាពសង្គ្រាម និងការអូសបន្លាយពេលវេលានៅតំបន់មជ្ឈិមបូព៌ា។
ក្រុមហ៊ុនសូគីមិចបញ្ជាក់ថា ខ្លួនមិនអាចនាំចូលឧស្ម័ន LPG ចាប់តាំងពីដើមខែមីនា ហើយមិនអាចបន្តផ្គត់ផ្គង់ឧស្ម័ន LPG ដល់អតិថិជនតាមតម្រូវការបានឡើយ។

កាលពីថ្ងៃទី២១ មីនា ២០២៦ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់ និងចាំបាច់មួយចំនួនក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលបន្តតាមដានលើការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារ ដើម្បីពិនិត្យលទ្ធភាពដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមក្នុងករណីចាំបាច់ឱ្យបានទាន់ពេលវេលា។
