ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវបញ្ហាសង្គមមួយដែលកំពុងរីករាលដាលលើបណ្តាញសង្គម ក្នុងពេលព្រលប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

សម្តេចតេជោបានចែករំលែកអារម្មណ៍បុគ្គលរបស់ខ្លួនចំពោះករណីស្ត្រីម្នាក់ដែលយកប្តីពីរនាក់ក្នុងពេលតែមួយ និងរស់នៅជាមួយគ្នាយ៉ាងស្និទ្ធស្នាល។ “ខ្ញុំឃើញរូបភាពដែលគេចែករំលែកលើបណ្តាញសង្គម ដែលស្ត្រីម្នាក់នេះជិះរថយន្តជាមួយប្តីទាំងពីរ ហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា តែខ្ញុំមិនច្បាស់ថានៅលើគ្រែក៏ជាមួយគ្នាដែរឬទេ” សម្តេចតេជោបាននិយាយ។
សម្តេចបានសួរសំណួរថា៖ “តើករណីនេះពិតជាស្ត្រីម្នាក់យកប្តីពីរនាក់ ឬគ្រាន់តែជាការសំដែងដើម្បីទាក់ទាញអ្នកមើលប៉ុណ្ណោះ?” សម្តេចបានបន្ថែមថា ប្រសិនបើពិតជាមានការយកប្តីពីរនាក់ និងរស់នៅជាមួយគ្នាដោយចែកវេនគ្នា នេះអាចជាការបំផ្លាញប្រពៃណីស្ត្រីខ្មែរយ៉ាងខ្លាំងក្លាបំផុតក្នុងសម័យទំនើប។
សម្តេចតេជោបានប្រៀបធៀបថា ប្រសិនបើបុរសមានប្រពន្ធពីរឬលួចមានស្រី គេត្រូវលាក់ខ្លាចប្រពន្ធឈ្លោះគ្នា ខ្លាចច្បាប់ និងខ្លាចប្រពន្ធដឹង ព្រមទាំងរដ្ឋធម្មនុញ្ញក៏ចែងថា “ប្តីមួយ ប្រពន្ធមួយ” ផងដែរ។

ទីបំផុត សម្តេចតេជោ ហ៊ុនសែន បានស្នើសុំឲ្យបងប្អូន ឬសាមីខ្លួនជួយបំភ្លឺអំពីករណីនេះ ប្រសិនបើអាចធ្វើទៅបាន។ ការលើកឡើងនេះបានធ្វើឡើងតាមរយៈផេកផ្លូវការរបស់សម្តេច ដែលបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសាធារណជន។
ដោយ៖ សិលា
