ពលរដ្ឋអាមេរិកកំពុងមានការភាន់ច្រឡំកាន់តែខ្លាំងឡើងពីគោលដៅពិតប្រាកដនៃសង្គ្រាមអ៊ីរ៉ង់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ បើតាមការស្ទង់មតិថ្មីមួយពី CBS News និង YouGov។

យោងតាមសារព័ត៌មាន The Independent ការស្ទង់មតិដែលធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ទី២០ ខែមីនា បង្ហាញថា ជាង៦៨% នៃអ្នកឆ្លើយតបចំនួន៣,៣០០នាក់ បានឆ្លើយថា៖ «រដ្ឋបាលលោកត្រាំមិនទាន់ពន្យល់ពីគោលដៅច្បាស់លាស់នៃការវាយប្រហារអ៊ីរ៉ង់នៅឡើយទេ»។
តួលេខនេះខ្ពស់ជាង៦ភាគរយ បើប្រៀបធៀបទៅនឹងការស្ទង់មតិស្រដៀងគ្នាដែលធ្វើឡើងថ្ងៃទី០២ និង០៤ ខែមីនា។ ការស្ទង់មតិនេះធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការបាញ់ប្រហារប្រឆាំងនឹងអ៊ីរ៉ង់។

ក្នុងការស្ទង់មតិរបស់ CBS News/YouGov អ្នកឆ្លើយតប៦២% បាននិយាយថា រដ្ឋបាលរបស់លោកត្រាំមិនទាន់បានពន្យល់ច្បាស់លាស់អំពីគោលដៅរបស់ខ្លួននៅឡើយទេ ខណៈ៣៨% បាននិយាយថាពួកគេយល់ច្បាស់។
ដំបូងឡើយ លោកត្រាំបានលើកឡើងថា គោលដៅនៃសង្គ្រាមគឺដើម្បីលុបបំបាត់កងទ័ពជើងទឹកអ៊ីរ៉ង់ ដោយធានាថាពួកគេនឹងមិនអាចវាយប្រហារប្រទេសជិតខាងនៅមជ្ឈិមបូព៌ា និងផលិតអាវុធនុយក្លេអ៊ែរបាន។
ទោះបីជាគោលបំណងពិតប្រាកដមិនបានបញ្ជាក់ក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះបានលើកឡើងម្តងរួចហើយថា លោកចង់បានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំថ្មីរបស់របបអ៊ីរ៉ង់។

ពេលសួរអំពីគោលបំណងរបស់ប្រធានាធិបតីដើមខែមីនា អ្នកឆ្លើយតប៨០% និយាយថា ប្រធានាធិបតីកំពុងព្យាយាមផ្លាស់ប្តូរភាពជាអ្នកដឹកនាំអ៊ីរ៉ង់។
មិនតែប៉ុណ្ណោះ មន្ត្រីរដ្ឋបាលក៏បានផ្តល់ពេលវេលាផ្សេងៗគ្នាក្នុងការបញ្ជប់ជម្លោះនេះ។ ដំបូងឡើយ លោកត្រាំនិយាយថា ជម្លោះអាចមានរយៈពេលពី៤ទៅ៥សប្តាហ៍ ឬអាចយូរជាងនេះ។
ប៉ុន្តែក្រោយមក រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth ប្រាប់អ្នកសារព័ត៌មានថា៖ «មិនមានពេលវេលាច្បាស់លាស់សម្រាប់សង្គ្រាមនោះទេ»។
ចំណែកនៅដើមខែមីនា លោកត្រាំបានថា៖ «លោកនឹងមិនទទួលយកអ្វីក្រៅពីការចុះចាញ់ដោយគ្មានលក្ខខណ្ឌពីអ៊ីរ៉ង់នោះទេ»។
ប៉ុន្តែថ្មីៗនេះ គិតត្រឹមថ្ងៃសុក្រ លោកថាអាចនឹងបញ្ចប់ជម្លោះក្នុងពេលឆាប់ៗនេះ ពីព្រោះសហរដ្ឋអាមេរិកសម្រេចចិត្តមុនកាលកំណត់។ តែលោកបន្តថាវាមិនមានន័យថាមានបទឈប់បាញ់នោះទេ។
