សារព័ត៌មាន AFP បានរាយការណ៍ថា នាយកទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol បានដាស់តឿនព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិថាមពលដ៏ធំមួយ ដែលបង្កឡើងដោយសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។

ក្នុងការថ្លែងចំពោះអង្គការ National Press Club នៅរដ្ឋធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី នាថ្ងៃចន្ទទី២៣ ខែមីនា ឆ្នាំ២០២៦ លោក Birol បានបញ្ជាក់យ៉ាងច្បាស់ថា៖ «សព្វថ្ងៃនេះសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងវិបត្តិដ៏ធំ ហើយខ្ញុំពិតជាសង្ឃឹមថាបញ្ហានេះនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន»។
លោកបានបន្ថែមថា គ្មានប្រទេសណាមួយនឹងអាចរួចខ្លួនពីផលប៉ះពាល់នៃវិបត្តិថាមពលនេះទេ ប្រសិនបើសង្រ្គាមនៅតែបន្ត។ ដូច្នេះវាចាំបាច់ត្រូវតែមានកិច្ចប្រឹងប្រែងជាសកលដើម្បីដោះស្រាយបញ្ហានេះ។

ការព្រមានរបស់ IEA បានមកបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃសៅរ៍ទី២១ ខែមីនា ថានឹងកម្ទេចរោងចក្រថាមពលរបស់អ៉ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់មិនបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល៤៨ម៉ោង។
ចំណែកអ៉ីរ៉ង់វិញបានឆ្លើយតបដោយគំរាមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកពិតជាធ្វើតាមការគំរាមរបស់ខ្លួនមែននោះ។

ស្ថានភាពតានតឹងនេះបានបង្កើនការបារម្ភអំពីផលប៉ះពាល់ដ៏ធំទូលាយដល់សេដ្ឋកិច្ចពិភពលោក ដែលកំពុងឆ្លងកាត់វិបត្តិថាមពលដែលអាចធ្វើឱ្យតម្លៃប្រេងកាត់និងថាមពលកើនឡើងខ្ពស់។
