
ព្យុងយ៉ាង – មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យបន្តកាន់តំណែងជាប្រធានគណៈកម្មការកិច្ចការរដ្ឋសម្រាប់អាណត្តិទី៣ នៅក្នុងសម័យប្រជុំលើកទី១ នៃសភាប្រជាជនកំពូលអាណត្តិទី១៥។
តាមការផ្សាយរបស់យ៉ុនហាប នៅថ្ងៃទី២៣ មីនា ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានលើកសរសើរថា ភាពដឹកនាំរបស់លោកគីមជា «អំណាចជាតិដ៏ខ្លាំងក្លាបំផុត» សម្រាប់ការពារប្រទេសជាតិ។

ក្នុងកិច្ចប្រជុំដ៏សំខាន់នេះ មានការផ្លាស់ប្តូរមន្ត្រីជាន់ខ្ពស់ជាច្រើន។ លោក Jo Yong-won ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភា ជំនួសលោក Choe Ryong-hae ខណៈលោក Kim Tok-hun ទទួលបានតំណែងថ្មីជា «អនុនាយករដ្ឋមន្ត្រីទី១»។
ការផ្លាស់ប្តូរដែលធ្វើឱ្យគេភ្ញាក់ផ្អើលបំផុតគឺ លោកស្រី Kim Yo-jong ដែលជាប្អូនស្រីបង្កើតរបស់លោកគីម ត្រូវបានដកចេញពីតំណែងក្នុងគណៈកម្មការកិច្ចការរដ្ឋ។

អ្នកវិភាគអន្តរជាតិកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទំនាក់ទំនងរវាងកូរ៉េទាំងពីរ។ បន្ទាប់ពីលោកគីមប្រកាសថា កូរ៉េខាងត្បូងជាសត្រូវ មានការសង្ស័យថា កូរ៉េខាងជើងអាចលុបគោលការណ៍«បង្រួបបង្រួមជាតិដោយសន្តិវិធី»ចេញពីរដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណា ព្យុងយ៉ាងមិនទាន់បញ្ចេញព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរនយោបាយនេះនៅឡើយទេ។
