ណេតាន់យ៉ាហ៊ូ អំពាវនាវមេដឹកនាំពិភពលោកចូលរួមសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ណេតាន់យ៉ាហ៊ូ អំពាវនាវមេដឹកនាំពិភពលោកចូលរួមសង្គ្រាមប្រឆាំងអ៊ីរ៉ង់

សង្គ្រាមនៅអ៊ីរ៉ង់បានឈានចូលដល់សប្តាហ៍ទី៤ ដោយគ្មានភាគីណាមួយបានបន្ធូរដៃនៅឡើយទេ។ អ៊ីរ៉ង់បន្តវាយប្រហារសងសឹកទៅលើអាមេរិក និងអ៊ីស្រាអែលនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងទីក្រុងខ្លះនៅអ៊ីស្រាអែល។

សង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអំពាវនាវឱ្យមេដឹកនាំពិភពលោកចូលរួមក្នុងប្រតិបត្តិការ Roaring Lion និង Epic Fury របស់អ៊ីស្រាអែល-អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ ការអំពាវនាវនេះធ្វើឡើងអំឡុងពេលលោកនិងមន្ត្រីអ៊ីស្រាអែលទៅទស្សនាទីតាំងដែលរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅភាគខាងត្បូងទីក្រុង Arad។

លោក ណេតាន់យ៉ាហ៊ូ ព្រមានថា៖ «អ៊ីរ៉ង់មានសមត្ថភាពវាយប្រហារយ៉ាងជ្រៅទៅក្នុងទ្វីបអឺរ៉ុប។ ពួកគេកំពុងដាក់មនុស្សគ្រប់គ្នាឱ្យស្ថិតនៅក្នុងគោលដៅរបស់ពួកគេ»។

យោងតាមសារព័ត៌មាន The Jerusalem Post លោកណេតាន់យ៉ាហ៊ូបានឆ្លើយតបទៅនឹងសំណួរអំពីការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ថា៖ «យើងអាចឆ្លើយតបដោយកម្លាំងដ៏ខ្លាំងក្លាបាន ប៉ុន្តែមិនមែនឆ្លើយតបលើទីតាំងជនស៊ីវិលទេ»។

ការវាយប្រហារមីស៊ីល

លោកបន្តថា៖ «ប្រសិនបើអ្នកចង់បានភស្តុតាងដែលបង្ហាញថា អ៊ីរ៉ង់ធ្វើឱ្យពិភពលោកទាំងមូលទៅជាយ៉ាងណា ក្នុងរយៈពេល ៤៨ម៉ោងទៀតនឹងបានបញ្ជាក់ហើយ។ ពួកគេបានបាញ់ទៅលើក្រុងយេរូសាឡឹមនៅជាប់នឹងកន្លែងពិសិដ្ឋនៃជំនឿតែមួយនៃព្រះទាំងបី»។

លោកណេតាន់យ៉ាហ៊ូចង្អុលបង្ហាញថា៖ «ដល់ពេលដែលត្រូវឃើញមេដឹកនាំនៃប្រទេសដទៃទៀតចូលរួម។ ខ្ញុំរីករាយដែលឃើញថាពួកគេមួយចំនួនកំពុងធ្វើដំណើរទៅក្នុងទិសដៅនោះ ប៉ុន្តែយើងត្រូវការច្រើនជាងនេះ»។

គួរបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួស និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរដល់តំបន់ Arad។

ទីតាំងរងគ្រោះ Arad

ទោះបីជាមានការអះអាងបែបនេះពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏សង្គ្រាមនៅអ៊ីរ៉ង់ដែលបានចាប់ផ្តើមឡើងដោយអាមេរិកនិងអ៊ីស្រាអែលនេះ ត្រូវបានពិភពលោកថ្កោលទោសចំពោះការសម្រេចចិត្តនេះ ហើយសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកបានបដិសេធមិនចូលរួមក្នុងសកម្មភាពសង្គ្រាមនេះទេ។

administrator

Related Articles