ខេត្តកោះកុង៖ សហគមន៍ជនជាតិដើមភាគតិចជង នៅក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង បានប្រារព្ធពិធីបុណ្យចាប់ត្រីប្រពៃណីប្រចាំឆ្នាំយ៉ាងពីរោះ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីប្រជាជនទាំង៨ភូមិ និងភ្ញៀវទេសចរជាតិជាច្រើន។

ពិធីបុណ្យនេះត្រូវបានរៀបចំឡើងនៅត្រពាំងបុសតូច ដែលជាទីតាំងសក្តិសិទ្ធិមានក្រពើភ្នំរស់នៅ តាមជំនឿប្រពៃណីរបស់ជនជាតិជងដែលបានអនុវត្តតាំងពីជំនាន់ជីតាជីយាមកមក។ ពួកគាត់ធ្វើការសែនប្រែន សុំសេចក្តីសុខ និងភាពចម្រុងចម្រើនដល់សហគមន៍។

លោក ហ៊ឹង ពៅ តំណាងសហគមន៍ជនជាតិជង បានចែងថា៖ “ពិធីនេះគឺជាបេតិកភណ្ឌវប្បធម៌ដ៏សំខាន់ ដែលយើងសូមអំពាវនាវឲ្យបងប្អូនទាំងអស់ចូលរួមលើកស្ទួយ និងរក្សាប្រពៃណីនេះឲ្យនៅគង់វង្ស។ វាក៏ជាឱកាសល្អសម្រាប់ការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ផងដែរ។”

ត្រពាំងបុសតូចគឺជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ដែលមានធម្មជាតិស្រស់បំព្រង ព្រៃឈើព័ទ្ធជុំវិញ និងសំបូរទៅដោយត្រីជាច្រើនប្រភេទ។ ទីនេះក៏ជាជំរកធម្មជាតិសម្រាប់សត្វក្រពើភ្នំ ដែលជនជាតិជងគោរព និងថែរក្សាតាំងពីបុរាណកាល។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាពិធីប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាឱកាសជួបជុំសាមគ្គីភាពរវាងប្រជាជនទាំង៨ភូមិក្នុងតំបន់អារ៉ែង ដែលពួកគាត់អាចពិភាក្សាគ្នាអំពីការអភិវឌ្ឍកសិកម្ម និងការរស់នៅរួមគ្នាយ៉ាងសុខដុមរមនា។

ពិធីបុណ្យចាប់ត្រីប្រចាំឆ្នាំនេះបានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ជនជាតិដើមភាគតិចកម្ពុជា និងការតភ្ជាប់រវាងមនុស្ស ធម្មជាតិ និងជំនឿប្រពៃណីដ៏ជ្រាលជ្រៅ។

ដោយ៖ សិលា
