យន្តហោះ Air Canada Express បានបុកជាមួយរថយន្តពន្លត់អគ្គិភ័យ នៅពេលចុះចតនៅអាកាសយានដ្ឋាន LaGuardia ទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃអាទិត្យ ដែលបណ្ដាលឱ្យអ្នកបើកយន្តហោះ និងជំនួយការម្នាក់ស្លាប់ភ្លាម។

យោងតាម AFP និង Reuters ផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ យន្តហោះ Air Canada Express CRJ-៩០០ កំពុងដឹកអ្នកដំណើរចំនួន ៧២នាក់ និងសមាជិកនាវិកចំនួន៤នាក់ មកពីទីក្រុង Montreal។ នេះបើផ្អែកលើបញ្ជីអ្នកដំណើរបឋម។
បន្ទាប់ពីកើតហេតុនេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) បានចេញបញ្ជាឱ្យយន្តហោះទាំងអស់ផ្អាកចុះចតនៅអាកាសយានដ្ឋាន LaGuardia មួយរយៈសិន។
នាយកដ្ឋានប៉ូលិសញូវយ៉កបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា៖ «យន្តហោះបានបុករថយន្តមួយគ្រឿងក្នុងកំពង់ផែរបស់អាជ្ញាធរ បន្ទាប់ពីចុះចត។ យើងមិនទាន់ទទួលព័ត៌មានលម្អិតបន្ថែមក្នុងពេលភ្លាមៗនៃឧប្បត្តិហេតុនោះទេ»។
អ្នកនាំពាក្យអាជ្ញាធរកំពង់ផែបាននិយាយថា៖ «យន្តហោះបានបុកជាមួយរថយន្តសង្គ្រោះនិងពន្លត់អគ្គិភ័យ»។
អ្នកនាំពាក្យបន្តថា៖ «អាកាសយានដ្ឋានបច្ចុប្បន្នត្រូវបានបិទ ដើម្បីសម្រួលដល់ការឆ្លើយតបនិងអនុញ្ញាតឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់»។
