ដំណឹងល្អ! កូនផ្សោតទើបកើតថ្មី ១ក្បាល ប្រទះឃើញនៅខេត្តស្ទឹងត្រែង បង្កើនចំនួនសត្វផ្សោតទៅ ១១៦ក្បាល

ដំណឹងល្អ! កូនផ្សោតទើបកើតថ្មី ១ក្បាល ប្រទះឃើញនៅខេត្តស្ទឹងត្រែង បង្កើនចំនួនសត្វផ្សោតទៅ ១១៦ក្បាល

ខេត្តស្ទឹងត្រែង – សម្រាប់អ្នកស្រឡាញ់សត្វព្រៃ និងអ្នកថែរក្សាបរិស្ថាន នេះជាដំណឹងល្អដែលធ្វើឱ្យចិត្តរីករាយ! កូនផ្សោតទើបកើតថ្មីមួយក្បាល បានបង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

កូនផ្សោតទើបកើតថ្មីនៅស្ទឹងត្រែង

ព្រឹត្តិការណ៍គួរឱ្យរំភើបនេះបានកើតឡើងនៅវេលាម៉ោង២:០០រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមអ្នកស្រាវជ្រាវពីអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF បានធ្វើការសង្កេតឃើញ។

សម្រាប់ឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ ដែលកើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មីនៅខេត្តក្រចេះផង។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា មានចំនួនសរុប ១១៦ក្បាល។

ការថែរក្សាសត្វផ្សោត

កំណើតកូនផ្សោតថ្មីជាបន្តបន្ទាប់ និងពុំមានករណីសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់ គឺជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រសួងកសិកម្ម ដែលមាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ជាអង្គភាពសម្របសម្រួលអនុវត្តផ្ទាល់ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង អង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការ WWF និងមន្រ្តីឆ្មាំទន្លេ។

ក្រុមអ្នកស្រាវជ្រាវថែរក្សាសត្វផ្សោត

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ក្នុងករណីបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២។

សត្វផ្សោតនៅកម្ពុជា

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

administrator

Related Articles