រាជធានីភ្នំពេញ៖ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលជាកូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម និងស្ត្រីរួមដំណើរ បានលើកដៃប្រណម្យសំពះ និងក្រាបថ្វាយបង្គំក្បាលដល់ឥដ្ឋ សុំការអភ័យទោសពីប្រជាជនខ្មែរទាំងអស់។ នេះជាផ្នែកសីលធម៌នៃការទទួលដឹងអំពីកំហុសដែលពួកគេបានប្រព្រឹត្ត។

ពាក្យពេចនិងខ្លឹមសារសុំទោសមាន៖ “ខ្ញុំបាទឈ្មោះ សាមេន សុធារិទ្ធ ព្រឹត្តិការដែលកើតឡើងនៅប៉ុន្មានថ្ងៃមុននេះ ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលខ្ញុំបានហូបគ្រឿងស្រវឹងមិនចេះគិត បណ្តាលឲ្យគ្រប់គ្រងខ្លួនឯងមិនបាន បង្កប៉ះពាល់ពាក្យសម្ដីដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង។ ខ្ញុំសន្យាថា នឹងកែប្រែខ្លួនមិនឲ្យមានកំហុសឆ្គងជាលើកទី២ឡើយ។”

លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ “ទោះបីជាអ្នកទាំងពីរលើកដៃសំទោសមហាជន ទទួលស្គាល់កំហុសយ៉ាងណាក្តី ក៏សមត្ថកិច្ចនៅតែបន្តកសាងសំណុំរឿងបញ្ជូនពួកគេទាំងពីរនាក់ ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី។”
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ រថយន្តម៉ាក FORTHING ពាក់ផ្លាកលេខ P.YEAN.7 បានបុកម៉ូតូម៉ាក HONDA TODAY ពាក់ផ្លាកលេខ 1J-4604 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់។
អត្ថបទសរសេរដោយ ឃឹម ប៊ុនណាក់
កែសម្រួលដោយ សារ៉ា ចន្ទ
