ភ្នំពេញ – ក្រោមភាពតានតឹងនៃវិបត្តិឥន្ធនៈពិភពលោក កម្ពុជាកំពុងបង្កើនការនាំចូលប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញដល់ការខ្វះខាតពីអ្នកផ្គត់ផ្គង់ប្រពៃណីដូចជាវៀតណាម និងចិន។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ «កម្ពុជាកំពុងងាកទៅរកការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបង្គ្រប់ការខ្វះខាតនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន»។

ការសម្រេចនេះមកបន្ទាប់ពីប្រទេសវៀតណាម និងចិនដាក់កម្រិតលើការផ្គត់ផ្គង់ប្រេងឥន្ធនៈមកកម្ពុជា ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តក្ដៅគគុក ដោយសារសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់។

លោកកែវ រតនៈបន្តថា៖ «កម្ពុជានៅតែអាចនាំចូលបានបន្តិចបន្តួចពីប្រទេសចិន។ ហើយកម្ពុជាមានជាដៃគូរឹងមាំជាមួយក្រុមហ៊ុនផ្គត់ផ្គង់សកល គឺក្រុមហ៊ុន Total និងក្រុមហ៊ុន Chevron។ ក្រុមហ៊ុនទាំងនេះ អាចជួយកាត់បន្ថយហានិភ័យបានមួយចំនួនដល់កម្ពុជា»។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ប្រទេសថៃ និងវៀតណាមគឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈធំជាងគេសម្រាប់កម្ពុជា គឺមានរហូតដល់៦០ភាគរយ កាលពីឆ្នាំ២០២៤។ ខណៈដែលប្រទេសសិង្ហបុរី រួមគ្នាជាមួយម៉ាឡេស៊ី មានចំណែកប្រមាណជា១ភាគ៣នៃទីផ្សារថាមពលរបស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៌បន្ទាន់ រួមមានការសម្រេចយកពន្ធគយ០ ការបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។

គិតត្រឹមថ្ងៃទី២៣ ខែមីនា តម្លៃប្រេងសាំងធម្មតាគឺ៥៤០០រៀល/លីត្រ ម៉ាស៊ូតតម្លៃ៦៧០០រៀល/លីត្រ និងហ្គាស LPG តម្លៃចន្លោះ៣៧០០រៀលដល់៤០០០រៀល/លីត្រ។

អត្ថបទសរសេរដោយ ពៅ រក្សា
កែសម្រួលដោយ កៀន សុឃាក់
