មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលគុយបាបានប្រកាសថា ប្រទេសកោះនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រឈមមុខនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះកំពុងជួបប្រទះនឹងបញ្ហាដាច់ចរន្តអគ្គិសនីយ៉ាងធ្ងន់ធ្ងរ។

អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បានឆ្លើយតបទៅនឹងការសាកសួររបស់អ្នកកាសែត ដោយអះអាងថា៖ «យើងត្រៀមខ្លួនរួចហើយសម្រាប់ការឈ្លានពានដោយយោធារបស់អាមេរិក»។
ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងក្រោយពីការដាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរទូទាំងប្រទេស ដែលបានធ្វើឱ្យប្រជាពលរដ្ឋរាប់លាននាក់ស្ថិតក្នុងភាពងងឹត។
លោក de Cossio បានបញ្ជាក់បន្ថែមទៀតក្នុងកម្មវិធី Meet the Press របស់ NBC ថា៖ «យើងមិនជឿថាវាជាអ្វីដែលអាចទៅរួចនោះទេ ប៉ុន្តែយើងនឹងក្លាយជាមនុស្សឆោតល្ងង់ ប្រសិនបើយើងមិនរៀបចំទុកមុន»។

ការដាច់ចរន្តអគ្គិសនីថ្មីៗនេះគឺជាលើកទីបីក្នុងខែមីនា ដោយក្រសួងថាមពលនិងរ៉ែបានរាយការណ៍ថា មានតែប្រជាពលរដ្ឋប្រហែល ៧២,០០០ នាក់នៅទីក្រុងហាវ៉ាណាប៉ុណ្ណោះដែលបានទទួលសេវាអគ្គិសនីវិញ។
ស្ថានភាពនេះកើតឡើងក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់បទបញ្ជាហាមឃាត់ការនាំចូលប្រេងឥន្ធនៈទៅកាន់គុយបា និងព្រមានដល់ក្រុមហ៊ុននាំចេញប្រេងផ្សេងៗពីការប្រឈមមុខនឹងពន្ធគយខ្ពស់។
រដ្ឋាភិបាលគុយបាបានចោទប្រកាន់ថា វិធានការទាំងនេះគឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងការបង្កសម្ពាធលើសេដ្ឋកិច្ចគុយបា និងព្យាយាមធ្វើឱ្យប្រទេសនេះធ្លាក់ចុះខ្សោយ។
