ព្រះសីហនុ៖ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការយ៉ាងសកម្មកាលពីថ្ងៃទី២៣ មីនា ២០២៦ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងចុះត្រួតពិនិត្យទីតាំងស្នាក់នៅចំនួន ២៦កន្លែង។

តាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងចំនួន ៤កន្លែងជាក់ស្តែង រួមមាន៖ សណ្ឋាគារ ជីនសា ហូលីដេ, វីឡាភូមិគ្រឹះ, អគារខុនដូរ ស៊ែង យូរ និងផ្ទះជួលនៅសង្កាត់៤។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥០នាក់ ក្នុងនោះមានជនជាតិចិន ៣៦នាក់, ជនជាតិខ្មែរ ៣នាក់ (ស្ត្រី១នាក់), ជនជាតិឥណ្ឌា ៥នាក់ (ស្ត្រី២នាក់), ជនជាតិបង់ក្លាដេស ៣នាក់, ជនជាតិប៉ាគីស្ថាន ២នាក់ និងស្ត្រីជនជាតិភូមា ១នាក់។

សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រលើតុ ទូរសព្ទដៃ និងកុំព្យូទ័រយួរដៃ។ ក្រៅពីនេះ ក្រុមការងារបានចុះត្រួតពិនិត្យនៅកាស៊ីណូ ហ្គោលដិន ដោយរកឃើញសម្ភារសង្ស័យពាក់ព័ន្ធនឹងការឆបោកអនឡាញ រួមមានកុំព្យូទ័រលើតុ ១៨៦គ្រឿង និងទូរសព្ទដៃ ១៥៤គ្រឿង។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ២០២៦ សមត្ថកិច្ចបានបង្ក្រាបដល់ទីតាំង និងបិទសៀលចំនួន ២៣៦ទីតាំង។

តាមរបាយការណ៍ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញចំនួន ៧៩សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧នាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ២០២៦។

សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឡើយ ហើយរាល់បុគ្គលឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ដោយ៖ តារា
