
កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែងនៅក្នុងវីឡាភូមិគ្រឹះ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីលោក ម៉ាង ស៊ីណេត អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជនជាតិបរទេសចំនួន ២០ នាក់ ក្នុងនោះមានជនជាតិខ្មែរ ៣ នាក់។ កម្លាំងសមត្ថកិច្ចក៏បានរកឃើញកុំព្យូទ័រ ២៤ គ្រឿង និងទូរស័ព្ទ ៣៨៩ គ្រឿងដែលប្រើប្រាស់ក្នុងសកម្មភាពឆបោក។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាឡើយ។
