ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកកៀនស្វាយបានចុះប្រតិបត្តិការបង្ក្រាបយ៉ាងរហ័ស ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ដោយឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ នៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួនមាន៖ ច្រឹក ម៉េងហុង (២១ឆ្នាំ) ជាម្ចាស់ផ្ទះ, ឡូញ ឡាំងម៉េង (២០ឆ្នាំ) និង នៅ ភក្រ្ត័ (២២ឆ្នាំ) ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន៦កញ្ចប់តូច (ទម្ងន់១.០៩ក្រាម), ទូរស័ព្ទដៃ២គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

លោកអធិការបានបន្តថា មុនពេលចុះបង្ក្រាប មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា មានសកម្មភាពប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀនយ៉ាងអនាធិបតេយ្យនៅផ្ទះរបស់ឈ្មោះ ច្រឹក ម៉េងហុង។ ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកបានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បានយ៉ាងរហ័ស។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ នៅ ភក្រ្ត័ បានសារភាពថា ថ្នាំញៀន៦កញ្ចប់នោះជារបស់ខ្លួន ហើយខ្លួនធ្លាប់លក់ថ្នាំញៀនឲ្យ ច្រឹក ម៉េងហុង ចំនួន៣ដង ដោយក្នុង១ដងតម្លៃ១ម៉ឺនរៀល។ ចំណែក ច្រឹក ម៉េងហុង ក៏បានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនពី នៅ ភក្រ្ត័ ដើម្បីយកមកប្រើប្រាស់ រីឯ ឡូញ ឡាំងម៉េង បានសារភាពថា ខ្លួនគ្រាន់តែសុំថ្នាំញៀនពី នៅ ភក្រ្ត័ ដើម្បីចូលរួមប្រើប្រាស់ជាមួយគ្នា។

ប្រតិបត្តិការចុះបង្ក្រាបដ៏ទាន់ពេលវេលានេះ ទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្រោមបទបញ្ជាផ្ទាល់របស់លោកអធិការនគរបាលស្រុកកៀនស្វាយ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។

