រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី ទើបតែប្រកាសជាផ្លូវការនូវការអាប់ដេតថ្មីសម្រាប់រថយន្ត Ford Ranger និង Ford Everest ដែលនឹងនាំមកនូវបទពិសោធន៍បើកបរថ្មី ទំនើប មានអនុភាព និងមានផាសុកភាពខ្ពស់ជាងមុន។

ក្នុងការអាប់ដេតលើកនេះ រថយន្តទាំងពីរនឹងបំពាក់មកជាស្តង់ដារជាមួយប្រអប់លេខ ១០ លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១២ អ៊ីញ សម្រាប់គ្រប់ម៉ូឌែលទាំងអស់។ នេះបង្ហាញពីការលើកកម្ពស់បទពិសោធន៍បច្ចេកវិទ្យា និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
លើសពីនេះ Ford Ranger Sport ម៉ូឌែលថ្មីដែលនឹងមកជំនួស XLT ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនសម័យថ្មី ជាមួយជម្រើសម៉ាស៊ីនពីរ៖
- ម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ផលិតកម្លាំង 170PS និងកម្លាំងរមួល 405Nm
- ម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ផលិតកម្លាំងដល់ 250PS និងកម្លាំងរមួល 600Nm

ម៉ាស៊ីន 3.0L V6 Turbo ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់កម្លាំងខ្លាំង និងការឆ្លើយតបលឿនបំផុត។ ជាមួយនឹងប្រព័ន្ធ Turbo ដែលមានលំហូរខ្យល់ធំ វាអាចបង្កើនល្បឿនបានយ៉ាងរហ័ស និងមានភាពទំនើបសម្រាប់ការបើកបរទាំងក្នុងទីក្រុង និងលើផ្លូវឆ្ងាយ។
ការភ្ជាប់ជាមួយប្រអប់លេខ ១០ លេខអូតូ ក៏ជួយឱ្យការបើកបរមានភាពរលូន មិនកន្ត្រាក់ សន្សំសំចៃប្រេង និងផ្តល់ផាសុកភាពខ្ពស់ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ។
មិនត្រឹមតែប៉ុណ្ណោះ ម៉ាស៊ីន 3.0L V6 Turbo នេះក៏ត្រូវបានបំពាក់លើ Ford Ranger Wildtrak និងម៉ូឌែលកំពូល Ford Everest Platinum ដែលនឹងមកជំនួស Everest Titanium ដោយបន្ថែមជាមួយចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលផ្តល់ភាពទំនើប និងងាយស្រួលក្នុងការប្រើប្រាស់។
រីឯជម្រើសម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ដែលភ្ជាប់ជាមួយប្រអប់លេខ ១០ លេខអូតូ ក៏នៅតែត្រូវបានបំពាក់លើម៉ូឌែលមួយចំនួន ដូចជា Ranger XL, Everest Active និង Everest Sport ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលស្វែងរករថយន្តគ្រួសារ មានតម្លៃសមរម្យ សក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងបំពេញការងារបានយ៉ាងប្រសិទ្ធភាព។
សម្រាប់ព័ត៌មានបន្ថែមអំពីការមកដល់នៃរថយន្តនេះក្នុងទីផ្សារប្រទេសកម្ពុជា យើងមានតែរង់ចាំការប្រកាសពីផេក Facebook ផ្លូវការរបស់ Ford Cambodia តែប៉ុណ្ណោះ។
