
ឧស្សាហកម្មផលិតប្លាស្ទិកសម្រាប់វេចខ្ចប់នៅប្រទេសថៃ កំពុងជួបបញ្ហាធ្ងន់ធ្ងរដោយសារខ្វះវត្ថុធាតុដើម ដែលមានបញ្ហាពីជម្លោះនៅមជ្ឈិមបូព៌ា។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ការរាំងស្ទះដំណឹកជញ្ជូនតាមច្រកហ័រមូហ្ស ដោយសារជម្លោះរវាងអ៊ីស្រាអែល-អាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យខ្វះខាតសម្ភារៈផលិតប្លាស្ទិក។
លោក Veera Kwanloetchit ប្រធានមន្ទីរគ្រប់គ្រងផ្លាស្ទិកថៃ បានព្រមានថា ឧស្សាហកម្មវេចខ្ចប់អាចទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ាមិនថមថយ។ តម្លៃវត្ថុធាតុដើមប្លាស្ទិកដូចជា polyethylene និង polypropylene បានកើនឡើង ៣០-៤០% ដែលធ្វើឱ្យថ្លៃផលិតកម្មកើនខ្ពស់។

ប្លាស្ទិកទាំងនេះជាសម្ភារៈសំខាន់សម្រាប់វេចខ្ចប់អាហារ ភេសជ្ជៈ សាប៊ូ និងផលិតផលប្រើប្រាស់ផ្សេងៗ។ លោក Veera បានបញ្ជាក់ថា៖ «ក្រុមហ៊ុនផលិតមីកញ្ចប់ MAMA បានកាត់បន្ថយការផលិតដោយសារខ្វះសម្ភារៈវេចខ្ចប់»។
អ្នកប្រើប្រាស់នឹងត្រូវចំណាយប្រាក់ច្រើនជាងមុនសម្រាប់ផលិតផលដែលត្រូវការវេចខ្ចប់ប្លាស្ទិក។ ក្នុងស្ថានភាពអាក្រក់បំផុត ប្រសិនបើក្រុមហ៊ុនផលិតមិនអាចធានាវត្ថុធាតុដើមបាន ផលិតកម្មផលិតផលប្រើប្រាស់នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
