ភ្នំពេញ – ប្រទេសហ្វីលីពីនបានប្រកាសពីគម្រោងបញ្ជូនអ្នកសង្កេតការណ៍យោធាទៅតំបន់ជម្លោះកម្ពុជា-ថៃ ដើម្បីចូលរួមដោះស្រាយវិវាទព្រំដែនដែលកំពុងកើតមាន។

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន លោក Romeo Brawner Jr. បានបញ្ជាក់ក្នុងវេទិកា Stratbase នាថ្ងៃទី២៤ មីនា ២០២៦ ថា មេទ័ពថ្នាក់ឧត្តមសេនីយ៍ចំនួន២រូបនឹងត្រូវបញ្ជូនទៅតំបន់ជម្លោះ។ ការបញ្ជូននេះជាផ្នែកនៃតួនាទីរបស់ហ្វីលីពីនក្នុងនាមជា «ប្រធានអាស៊ាន» ឆ្នាំ២០២៦។
លោក Brawner បានលើកឡើងថា ការបញ្ជូនអ្នកសង្កេតការណ៍នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រធានាធិបតីហ្វីលីពីន ដើម្បីធានាថាវិវាទរវាងថៃ និងកម្ពុជានឹងមិនរីករាលដាលកាន់តែអាក្រក់។

ទោះជាយ៉ាងណាក៏ដោយ លោក Brawner មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការបញ្ជូនអ្នកសង្កេតការណ៍នេះទេ។ ការបញ្ជូននេះធ្វើឡើងក្នុងពេលដែលសភាថៃទើបតែបានប្រជុំបោះឆ្នោតគាំទ្រលោក អានុទីន ឲ្យក្លាយជានាយករដ្ឋមន្ត្រីពេញលេញក្នុងអាណត្តិថ្មីចាប់ពីថ្ងៃនេះ។
ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដំបូងដោយ GMA News នៃប្រទេសហ្វីលីពីន។
