ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្រោយពីបានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្លន់សម្លាប់ដាច់សាច់មួយកើតឡើងនៅស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះគឺ ឆោម ឆៃយ៉ា អាយុ៣៣ឆ្នាំ ដែលត្រូវបានគេឃើញសពនៅថ្ងៃទី១៩ មីនា ២០២៦ នៅចំណុចជើងភ្នំ១៥០ ភូមិអណ្តូងនាង ស្រុកបាណន់។ ការសម្លាប់នេះបានកើតឡើងដោយមានការប្លន់ទ្រព្យសម្បត្តិជាមួយ។
សម្ភារៈដែលបាត់បងបន្ទាប់ពីករណីនេះមាន៖ ម៉ូតូហុងដាឌ្រីមសេ១២៥ ឆ្នាំ២០២៥ ពណ៌ខ្មៅ លេខបាត់ដំបង 1AV-1247 ទូរស័ព្ទសាំសុង និងខ្សែកមាសទម្ងន់២តម្លឹង។

ក្រោយពីបានធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ កម្លាំងនគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនជនសង្ស័យទាំង៣នាក់នៅថ្ងៃទី២២ មីនា។ ពួកគេរួមមាន៖
១. ភឿក សារ៉ាវុធ (សម្បត្តិ) អាយុ៣៩ឆ្នាំ
២. រុំ ដន (អ៊ូក) អាយុ៣៦ឆ្នាំ
៣. ឆោម ឆៃយុត (ប៉ក់) អាយុ២៧ឆ្នាំ
ជនសង្ស័យទាំង៣បានទទួលស្គាល់ទោសកំហុស និងឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើឃាតកម្មប្លន់សម្លាប់ជនរងគ្រោះ។
សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ រថយន្ត Ford Ranger ឆ្នាំ២០២៤ ពណ៌ស លេខ 2C-0660 ម៉ូតូហុងដាឌ្រីម ស្លាកលេខម៉ូតូ និងកាមេរ៉ារថយន្ត។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង សម្រាប់ការអនុវត្តនីតិវិធីតាមច្បាប់។
ដោយ៖ ជ្រោយពេជ្រ
