វៀងចន្ទន៍ – ព្យុះភ្លៀងដ៏ធ្ងន់ធ្ងរដែលមានលាយឡំជាមួយទឹកកកទាំងដុំៗ បានវាយប្រហារទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ កាលពីចុងសប្តាហ៍កន្លងមក បណ្តាលឲ្យផ្ទះសម្បែងពលរដ្ឋជាង ២០០០ខ្នងខូចខាតយ៉ាងធ្ងន់ធ្ងរ។

តាមការបញ្ជាក់ពីកាសែត Laotian Times ដែលចេញផ្សាយនៅថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០២៦ ព្យុះនេះបានវាយប្រហារពេញទំហឹងចំខ័ណ្ឌ Sikhottabong កាលពីល្ងាចថ្ងៃអាទិត្យ ដោយទិន្នន័យនៃការខូចខាតទើបតែបញ្ចេញនៅថ្ងៃអង្គារ។
ក្រៅពីការខូចខាតផ្ទះសម្បែងជាច្រើនរយខ្នង ព្យុះក៏បានបំផ្លាញសាលារៀនចំនួន៤ខ្នង ប្រាសាទមួយ និងផ្លូវថ្នល់ជាច្រើនខ្សែ។ ជាការឆ្លើយតប ក្រសួងការងារនិងសុខុមាលភាពសង្គមឡាវបានបញ្ចេញថវិកាប្រហែល ៦៥,០០០ដុល្លារ ដើម្បីជួយដល់គ្រួសារដែលរងគ្រោះ។

អ្វីដែលគួរឲ្យកត់សម្គាល់គឺ ព្យុះនេះកើតឡើងក្រោយពេលព្រះមហាក្សត្រថៃ Vajiralongkorn និងមហេសី Suthida ទើបបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃនៅឡាវ ដែលជាព្រះរាជទស្សនកិច្ចលើកដំបូងបំផុតដោយស្តេចថៃក្នុងរយៈពេល៣២ឆ្នាំ។
ព្រះមហាក្សត្រថៃចុងក្រោយបង្អស់ដែលបំពេញទស្សនកិច្ចនៅប្រទេសឡាវ គឺព្រះបាទ Bhumibol Adulyadej ដែលយាងទៅជាមួយព្រះមហាក្សត្រី Sirikit ក្នុងខែមេសាឆ្នាំ១៩៩៤។
អត្ថបទ៖ សុខ សុវណ្ណ
