ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យក្លាយជាក្របខណ្ឌអនុតំបន់ដ៏មានប្រសិទ្ធភាព។

ក្នុងសារលិខិតអបអរសាទរខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការនេះ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះតាំងពីដំបូងមក។
កម្ពុជាបានបញ្ជាក់សាឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងប្រាំមួយ ដើម្បីអនុវត្តផែនការសកម្មភាពរយៈពេល៥ឆ្នាំខាងមុខ និងស្វែងរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ។
ឆ្នាំ២០២៦ តំណាងឱ្យទសវត្សរ៍មាសនៃមិត្តភាពយូរអង្វែង ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ កិច្ចសហប្រតិបត្តិការនេះបានផ្តល់សមិទ្ធផលជាក់ស្តែងលើវិស័យសំខាន់ៗជាច្រើន រួមមានកិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងការផ្លាស់ប្តូរវប្បធម៌។
តាមរយៈការប្តេជ្ញាចិត្តរួម កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើវិស័យជាច្រើន ដូចជាការតភ្ជាប់ ការពង្រឹងសមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ការគ្រប់គ្រងធនធានទឹក កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។
ដោយ៖ តារា
