
ខេត្តតាកែវ – កម្លាំងជំនាញនគរបាលស្រុកសំរោង បានឃាត់ខ្លួនយុវជន៤នាក់ក្នុងអាយុ១៧-១៨ឆ្នាំ ករណីកាន់កាប់និងដឹកជញ្ជូនអាវុធដាវដោយគ្មានការអនុញ្ញាត។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២២មីនា ឆ្នាំ២០២៦ នៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង។

ជនសង្ស័យទាំង៤នាក់រួមមាន៖ ធូ វុត្ថា (១៧ឆ្នាំ), ធី ពុធលាភ (១៧ឆ្នាំ), សុខា សុខណា (១៨ឆ្នាំ) និង ភៀវ រដ្ឋា ហៅជ្រុយ (១៨ឆ្នាំ) ដែលរស់នៅក្រុងសំពៅពូន ខេត្តកណ្ដាល។ ក្រោយការសាកសួរ ជនសង្ស័យពីរនាក់បានទទួលសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ម៉ូតូ៣ករណីនៅតាមផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវបេតុងភូមិតាយឹង។

ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង ដោយមានការណែនាំពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
