រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ សាលា AUPP Liger Leadership Academy បានសម្ពោធអគារសិក្សាថ្មីដ៏ទំនើបមួយនៅក្នុងខណ្ឌជ្រោយចង្វារ ដែលបង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់នៃកម្មវិធីសិក្សាដ៏ពិសេសនេះ។

កម្មវិធីសិក្សារបស់សាលាផ្តោតទៅលើសិស្សជាចម្បង ដោយបញ្ចូលការសិក្សាផ្នែកវិទ្យាសាស្ត្រ ការបណ្តុះបណ្តាលភាពដឹកនាំ ការស្រាវជ្រាវរបស់សិស្ស ការដោះស្រាយបញ្ហាពិតៗក្នុងសង្គម ការអភិវឌ្ឍអត្តចរិត និងជំនាញជីវិតសំខាន់ៗ។

នៅក្នុងពិធីសម្ពោធនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីតាំងថ្មីនេះ។

កន្លងមក AUPP Liger Leadership Academy (ALLA) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មីនៃវិស័យអប់រំនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សាបែបអនុវត្តគម្រោង (Project-Based Learning)។

លោកស្រី Janet Tartaglia នាយិកសាលា បានថ្លែងអំណរគុណដល់ដៃគូ និងមាតាបិតាសិស្សសម្រាប់ការគាំទ្រ និងទំនុកចិត្តដល់សាលាជាង១០ឆ្នាំមកនេះ។ លោកស្រីបានបន្តថា៖ “នៅទីនេះ យើងនឹងផ្តល់ឱ្យសិស្សនូវបរិយាកាសដ៏ល្អ ដើម្បីឱ្យសិស្សអភិវឌ្ឍខ្លួនជាបុគ្គលមានសមត្ថភាព និងក្លាយជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌!”

ទីតាំងអគារសិក្សាថ្មីនេះ ផ្តល់ជូននូវបរិក្ខារសិក្សាទំនើប រួមបញ្ចូលការរស់នៅជាសហគម មានមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត បរិក្ខារកីឡានិងកម្សាន្ត សាលអាហារដែលមានផាសុកភាព និងទីធ្លាបៃតងសម្រាប់សកម្មភាពនានា។

រយៈពេលជាងមួយទសវត្សរ៍មកនេះ កម្មវិធីសិក្សារបស់ឡៃហ្គឺ បានបង្ហាញថា វិធីសាស្ត្រអប់រំរបស់សាលាផ្តល់នូវលទ្ធផលជាក់ស្តែង។ ក្នុងចំណោមសិស្សបញ្ចប់ការសិក្សាចំនួន១០៣នាក់ មាន៦៨នាក់ បានបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជាច្រើននៅក្នុងពិភពលោក។

ជាមួយនឹងការបើកសម្ពោធអគារសិក្សាថ្មីនេះ សាលា AUPP Liger Leadership Academy បានឈានជើងចូលទៅកាន់ដំណាក់កាលថ្មីនៃការរីកចម្រើនរបស់ខ្លួន ស្វាគមន៍សិស្សបន្ថែមពីទូទាំងប្រទេសកម្ពុជា និងបន្តបេសកកម្មក្នុងការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយសីលធម៌។
