ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុវត្តវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ការកាត់បន្ថយអាករនេះមានន័យថា រដ្ឋនឹងទទួលខុសត្រូវលើបន្ទុកជំនួសចំនួន ៦% ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីណែនាំជាក់លាក់ដល់សហគ្រាសនាំចូល និងចែកចាយប្រេងសាំង ដោយតម្រូវឱ្យគិតអាករលើតម្លៃបន្ថែមអត្រា ៤% លើការផ្គត់ផ្គង់ក្នុងស្រុក។
ក្នុងនោះរួមមាន៖
ក. ចេញវិក្កយបត្រអាករសម្រាប់អតិថិជនដែលស្ថិតក្រោមរបបស្វ័យប្រកាស ដោយប្តូរអត្រាពី ១០% មក ៤%
ខ. ចេញវិក្កយបត្រធម្មតាសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ ដោយគិតអាករអត្រា ៤%
គ. អាករដែលបានបង់លើការនាំចូលត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូល

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានណែនាំអគ្គនាយកដ្ឋានពន្ធដារឱ្យធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនឡាញ (e-Filing) ដើម្បីគាំទ្រការប្រកាសពន្ធតាមវិធានការថ្មីនេះ។
វិធានការនេះគឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការបន្ធូរបន្ថយបន្ទុកថ្លៃដើមជីវភាពរស់នៅឱ្យប្រជាពលរដ្ឋ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងបរិបទថ្លៃប្រេងកើនឡើងលើទីផ្សារអន្តរជាតិ។
