ខេត្តព្រះសីហនុ – ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដ៏ធំធេងបានប្រព្រឹត្តទៅដោយជោគជ័យនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមីនា កន្លងមកនេះ ដោយមានអត្តពលិកច្រើនជាង ១៥,០០០ នាក់ពី ៤១ ប្រទេសចូលរួមប្រកួត។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា សន្ទុះនៃការចូលរួមមានច្រើនលើសលប់ ដែលបង្ហាញពីការពេញនិយមរបស់ព្រឹត្តិការណ៍នេះ។
“ការចូលរួមច្រើនបែបនេះដោយសារការជួយជំរុញពីគណៈអភិបាលខេត្តព្រះសីហនុ ដែលមានកិច្ចសហការគ្នាយ៉ាងល្អជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងម្ចាស់ផ្ទះ” ឯកឧត្តមបានថ្លែង។

ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុមានអំណោយផលល្អ ជាពិសេសនៅតាមឆ្នេរសមុទ្របានបង្កបរិយាកាសល្អឥតខ្ចោះ ដែលអាចទាក់ទាញអ្នករត់បានយ៉ាងច្រើនសន្ធឹកសន្ធាប់។
អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការសម្រួលចរាចរណ៍ពីសំណាក់កម្លាំងសមត្ថកិច្ចខេត្ត ដែលធ្វើឱ្យអ្នករត់កាន់តែមានទំនុកចិត្ត។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា លោកអភិបាលខេត្តព្រះសីហនុចង់ជំរុញឱ្យព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងក្នុងអំឡុងពេល២ឆ្នាំខាងមុខ ឱ្យក្លាយជា Full Marathon តែម្ដង និងក្លាយជាគោលដៅសម្រាប់អ្នករត់នៅលើពិភពលោក។
“យើងសង្ឃឹមថា អង្គការដាក់ពិន្ទុអន្តរជាតិនឹងធ្វើការដាក់ពិន្ទុល្អសម្រាប់ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុឆ្នាំនេះ” ឯកឧត្តមបានសង្ឃឹម។

ទន្ទឹមជាមួយគ្នានេះដែរ គោលដៅគឺត្រូវជួយជំរុញបន្ថែមឱ្យមានអ្នកចូលរួមរត់រហូតដល់៤ម៉ឺននាក់នៅព្រឹត្តិការណ៍នាពេលខាងមុខ។
