ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសអនុវត្តវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ការសម្រេចចិត្តនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលនឹងទទួលបន្ទុកជំនួសចំនួន៦% ដែលបាត់បង់ពីការបញ្ចុះអត្រាអាករ។
ក្រសួងបានចេញសេចក្តីណែនាំដូចខាងក្រោម៖
១. សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤% លើការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតក្នុងស្រុក។
២. សហគ្រាសត្រូវចេញវិក្កយបត្រអាករសម្រាប់អតិថិជនដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយប្តូរអត្រាអាករពី១០% មក៤%។
៣. សម្រាប់អតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ ត្រូវចេញវិក្កយបត្រធម្មតាដោយគិតអាករអត្រា៤%។

៤. អគ្គនាយកដ្ឋានពន្ធដារត្រូវធ្វើបច្ចុប្បន្នភាពប្រព័ន្ធអេហ្វាយលីង (e-Filing) ដោយបន្ថែមប្រភេទផ្គត់ផ្គង់ “អតប អត្រា៤%”។
៥. សេចក្តីណែនាំនេះមានសុពលភាពចាប់ពីថ្ងៃទី២០ មីនា ២០២៦ រហូតដល់មានការសម្រេចថ្មីពីរដ្ឋាភិបាល។
ការបញ្ចុះអាករនេះគឺជាវិធានការសំខាន់ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងថ្លៃផលិតផលផ្សេងៗដែលទាក់ទងនឹងការប្រើប្រាស់ប្រេងសាំង។
