អ៊ីរ៉ង់បដិសេធការអះអាងរបស់ត្រាំ អះអាងថាគ្មានកិច្ចចរចាជាមួយអាមេរិកទេ

អ៊ីរ៉ង់បដិសេធការអះអាងរបស់ត្រាំ អះអាងថាគ្មានកិច្ចចរចាជាមួយអាមេរិកទេ

Iran-US tensions

ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហោះសារអំពីកិច្ចសន្ទនាដ៏ល្អជាមួយទីក្រុងតេហេរ៉ង់ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រកាសថា ការអះអាងរបស់ប្រមុខសេតវិមានគឺជារឿងមិនពិត ដែលគ្រាន់តែនិយាយភូតកុហក ដើម្បីធ្វើឲ្យតម្លៃប្រេងសកលធ្លាក់ចុះប៉ុណ្ណោះ។

កាលពីថ្ងៃចន្ទទី២៣ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា៖ «សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានមានកិច្ចសន្ទនាដ៏ល្អប្រសើរ និងប្រកបដោយផលិតផលខ្ពស់ ពាក់ព័ន្ធនឹងការដោះស្រាយឲ្យបានពេញលេញ និងទាំងស្រុងនូវអរិភាពរបស់យើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។

Hormuz Strait

យ៉ាងណា ប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានទាត់ចោលការអះអាងរបស់លោកត្រាំ ដោយបញ្ជាក់យ៉ាងច្បាស់ថា គ្មានការចរចាអ្វីជាមួយអាមេរិកទេ។ លោក Ghalibaf បានបង្ហោះសារលើបណ្តាញសង្គម X ថា៖ «ព័ត៌មានក្លែងក្លាយ កំពុងត្រូវបានប្រើប្រាស់ដើម្បីបង្ខូចទីផ្សារហិរញ្ញវត្ថុនិងទីផ្សារប្រេង ក៏ដូចជាដើម្បីដោះខ្លួនចេញពីភក់ជ្រាំ ដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងជាប់ផុង»។

ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ក៏ចេញមុខបដិសេធផងដែរថា មិនមានកិច្ចពិភាក្សាណាមួយជាមួយសហរដ្ឋអាមេរិកទេ។

រឿងនេះកើតឡើងបន្ទាប់ពីលោកត្រាំ គំរាមទុកពេលឲ្យអ៊ីរ៉ង់ ៤៨ ម៉ោង ដើម្បីបើកច្រក Hormuz ឡើងវិញ បើមិនដូច្នេះទេនឹងវាយប្រហារពេញទំហឹងលើរោងចក្រថាមពលរបស់អ៊ីរ៉ង់។ ជាការតបតវិញ ទីក្រុងតេហរ៉ង់ ក៏ព្រមានបិទច្រកនេះទាំងស្រុងតែម្តង បើ ត្រាំ ហ៊ានធ្វើមែន។

បញ្ជាការដ្ឋានប្រតិបត្តិការយោធា Khatam Al-Anbiya បានថ្លែងថា៖ «ប្រសិនបើការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ ត្រូវបានអនុវត្តមែននោះ ច្រកសមុទ្រ Hormuz នឹងត្រូវបិទទាំងស្រុងជាក់ជាមិនខាន»។

administrator

Related Articles