
ខេត្តបាត់ដំបង៖ ក្រុមនារីដៃឆើតចំនួន៣នាក់ ដែលបន្លំចូលលួចលុយជិត៥០០លានរៀល និងគ្រឿងអលង្ការមួយចំនួនក្នុងផ្ទះអាជីវករនៅក្រុងបាត់ដំបង កំពុងស្ថិតក្នុងដៃលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត។

ជនសង្ស័យទាំង៣នាក់រួមមាន៖ វង់ កញ្ញា (១៦ឆ្នាំ), ម៉ុន ម៉ុត (៣៩ឆ្នាំ) ដែលជាម្ដាយនិងកូន និងប៉ាកកា ជីឡូរី (១៦ឆ្នាំ)។ ពួកគេត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២០មីនា បន្ទាប់ពីធ្វើចោរកម្មនៅផ្ទះអ្នកលក់ដូរសម្លៀកបំពាក់នៅសង្កាត់ចំការសំរោង។

លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានបញ្ជាក់ថា ក្រុមនារីទាំងនេះជាមុខសញ្ញាចាស់ ដែលធ្លាប់ត្រូវចាប់អប់រំមកពីមុន។ ពួកគេបានឡើងផ្លោះរបងខាងក្រោយផ្ទះដល់២ជាន់ រួចលបចូលតាមទ្វារក្រោយ ខណៈម្ចាស់ផ្ទះកំពុងនៅលក់ដូរខាងមុខ។

តុល្យការបាត់បង់រួមមាន៖ ប្រាក់ខ្មែរ៤៩៥លានរៀល ប្រាក់ដុល្លារ៤,០០០ដុល្លារ ខ្សែកមាស១ខ្សែ និងខ្សែកាឡៃ១ខ្សែ។ ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដូចជា ប្រាក់ខ្មែរ២៦៧,៩៥០,០០០រៀល គ្រឿងអលង្ការ ម៉ូតូ និងទូរស័ព្ទ។

លោក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះត្រូវបានកសាងសំណុំរឿងទៅកាន់សាលាដំបូងខេត្តហើយ កំពុងស្ថិតក្នុងដៃលោកចៅក្រមស៊ើបសួរ មុនពេលសម្រេចចេញដីកាបង្គាប់នាំខ្លួនទៅដាក់ពន្ធនាគារ។

