ក្រុងសៀមរាប៖ ពលរដ្ឋក្នុងឃុំដូនកែវ ស្រុកពួក កំពុងរីករាយចិត្តក្រោយពីប្រឡាយទឹកបុរាណចំនួន២ខ្សែ ប្រវែងសរុប៤,៣៩០ម៉ែត្រ ត្រូវបានស្ដាររួចជាស្ថាពរ ដើម្បីផ្ដល់ទឹកស្រោចស្រពដំណាំ និងជួយគ្រប់គ្រងទឹកជំនន់។

គម្រោងស្ដារប្រឡាយបុរាណនេះ គឺជាផ្នែកមួយនៃគម្រោង Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេសនូវែលហ្សេឡង់ ដែលបានចាប់ផ្ដើមអនុវត្តកាលពី២ឆ្នាំមុន។

ប្រឡាយទាំងពីរខ្សែនេះ មិនត្រឹមតែជួយអភិរក្សប្រឡាយទឹកបុរាណ និងទេសភាពវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងធ្វើជាប្រព័ន្ធរំដោះទឹកជំនន់ចេញពីតំបន់អង្គរ និងក្រុងសៀមរាប ព្រមទាំងជួយរក្សាទឹកទុកសម្រាប់ស្រោចស្រពស្រែចម្ការ ដំណាំ និងផ្ដល់ផលនេសាទ។

ពលរដ្ឋក្នុងភូមិគោកត្នោត ភូមិប្រាសាទចារ្យ និងភូមិល្បើក កំពុងទទួលប្រយោជន៍ដោយផ្ទាល់ពីប្រឡាយទាំងនេះ ខណៈភូមិផ្សេងទៀតដូចជា ភូមិនគរក្រៅ ភូមិគោកបេង ភូមិគោកពោធិ៍ ក៏ទទួលផលដោយប្រយោលដែរ។

ក្រៅពីការស្ដារប្រឡាយ គម្រោងនេះក៏បានសាងសង់សំណង់ធារាសាស្ត្រថ្មីចំនួន៤កន្លែង សំណង់បង្ហៀរ១កន្លែង និងជួសជុលទំនប់សងខាងប្រឡាយប្រវែង១,០០០ម៉ែត្រ ដើម្បីគ្រប់គ្រងទឹកកាន់តែមានប្រសិទ្ធភាព។

ប្រឡាយទឹកបុរាណដែលត្រូវបានស្ដារនេះ មិនត្រឹមតែជួយដល់ការធ្វើកសិកម្មប៉ុណ្ណោះទេ ថែមទាំងធ្វើជាផ្លូវដីតាមខ្នងទំនប់សងខាងប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលបានយ៉ាងងាយស្រួល។

គម្រោងស្ដារប្រឡាយបុរាណនេះ បានបញ្ជាក់ពីសារៈសំខាន់នៃការអភិរក្សប្រព័ន្ធធារាសាស្ត្របុរាណ ដែលជាមរតកវប្បធម៌ និងជាដំណោះស្រាយដ៏ចីរភាពសម្រាប់ការគ្រប់គ្រងទឹកក្នុងតំបន់។

