អ៊ីរ៉ង់បានប្រកាសលក្ខខណ្ឌច្បាស់លាស់សម្រាប់ការឈប់បាញ់ ដោយទាមទារឲ្យមានការសងការខូចខាត និងលុបចោលរាល់ទណ្ឌកម្មសេដ្ឋកិច្ចមុនពេលពិភាក្សាពីការឈប់សង្គ្រាម។

លោក Mohsen Rezaei ទីប្រឹក្សាកំពូលរបស់មេដឹកនាំអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃទី២៣មីនា ថា ទីក្រុងតេហេរ៉ង់នឹងមិនថយក្រោយ ហើយនឹងបន្តប្រយុទ្ធរហូតទាល់តែទទួលបានការសងជំងឺចិត្តចំពោះការខូចខាតក្នុងសង្គ្រាម។
លោក Rezaei បានបន្ថែមថា អ៊ីរ៉ង់ក៏ទាមទារការធានាជាអន្តរជាតិថា សហរដ្ឋអាមេរិកនឹងមិនមកលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទៀតនោះឡើយ។ លោកបានចោទប្រកាន់ថា អាមេរិកចង់ផ្អាកសង្គ្រាមតាំងពីសប្តាហ៍មុនមកម៉្លេះ ប៉ុន្តែលោកបេនចាមីន ណេតាន់យ៉ាហូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅវិញទេ ដែលជាអ្នកព្យាយាមអូសបន្លាយសង្គ្រាម។

ចំណែកឯអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចេញមុខបដិសេធទាំងស្រុងចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានលើកឡើងពីលទ្ធផល «ដ៏ល្អ និងមានផ្លែផ្កា» នៃកិច្ចពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់។
នៅខាងអ៊ីស្រាអែល លោកណេតាន់យ៉ាហូ នៅតែបន្តប្រើនយោបាយ «ដៃម្ខាងចរចា ដៃម្ខាងវាយ» ដោយបានប្រកាសពីការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់២រូបបន្ថែមទៀត ដែលជាសញ្ញាព្រមានថា សម្ពាធយោធារបស់អ៊ីស្រាអែលនឹងមិនមានការថមថយឡើយ។
