សង្រ្គាមអ៊ីរ៉ង់-អ៊ីស្រាអែលបន្តគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានសារភាពថា បានបាញ់កាំភ្លើងធំខុសគោលដៅចូលទឹកដីរបស់ខ្លួន បណ្តាលឱ្យកសិករអ៊ីស្រាអែលម្នាក់ស្លាប់នៅជិតព្រំដែនលីបង់។

យោងតាមសារព័ត៌មាន Independent លោក Ofer Moskovitz អាយុ៦០ឆ្នាំ ជាកសិករអ៊ីស្រាអែល បានក្លាយជាជនស៊ីវិលដំបូងគេដែលត្រូវបានយោធាខ្លួនឯងសម្លាប់ក្នុងជម្លោះនៅព្រំដែនលីបង់។ លោកធ្លាប់បានផ្តល់បទសម្ភាសន៍ទៅកាន់ Reuters កាលពីសប្តាហ៍មុន ដោយសម្តែងការព្រួយបារម្ភពីការប្រយុទ្ធគ្នានៅតាមព្រំដែន។

ឧត្តមសេនីយ៍ឯក Rafi Milo ប្រធានបញ្ជាការយោធាភាគខាងជើងអ៊ីស្រាអែល បានលើកឡើងថា៖ «លោក Moskovitz ស្លាប់ដោយការបាញ់របស់កងកម្លាំងរបស់យើង អំឡុងពេលប្រតិបត្តិការដែលមានគោលបំណងការពារពួកគេប៉ុណ្ណោះ»។
អ៊ីស្រាអែលបានបើកការវាយប្រហារតាមជើងគោកនិងផ្លូវអាកាសចូលក្នុងប្រទេសលីបង់ ដើម្បីកម្ចាត់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ អាជ្ញាធរលីបង់ឱ្យដឹងថា មនុស្សជាងមួយពាន់នាក់ត្រូវបានសម្លាប់ និងជាងមួយលាននាក់ត្រូវភៀសខ្លួន។

យោធាអ៊ីស្រាអែលក៏បានលើកឡើងថា មានទាហានអ៊ីស្រាអែលពីរនាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនៅតាមព្រំដែនលីបង់។
