ខេត្តមណ្ឌលគិរី – ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់លើវឌ្ឍនភាពសាងសង់ផ្លូវកៅស៊ូ-បេតុងប្រវែងជាង១០គីឡូម៉ែត្រ និងទំនប់បង្ហៀរទឹកនៅស្រុកពេជ្រដា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ខ្សែផ្លូវអន្តរឃុំថ្មីនេះ ដែលតភ្ជាប់រវាងឃុំស្រែអំពូម ឃុំក្រង់តេះ និងឃុំពូជ្រៃ ត្រូវបានសាងសង់ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដោយមានហិរញ្ញប្បទានពីធនាគារពិភពលោក។

“នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់ស្រុកពេជ្រដា” នេះជាពាក្យសង្កត់ធ្ងន់របស់ឯកឧត្តមអភិបាលខេត្ត ដោយបញ្ជាក់ថា ផ្លូវថ្មីនេះបានកាត់ផ្តាច់ភាពលំបាកវេទនាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ផ្លូវនេះមានទទឹង៦ម៉ែត្រ ចាប់ផ្តើមសាងសង់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦។ ការសាងសង់នេះនឹងជួយកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។

ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានរៀបចំអំពូលភ្លើងសូឡាតាមដងផ្លូវ ដើម្បីលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរនាពេលយប់។

សមិទ្ធផលនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ការទៅរកសេវាសុខាភិបាល និងការទៅរៀនសូត្ររបស់សិស្សានុសិស្សក្នុងតំបន់។

អត្ថបទសរសេរដោយ សាយ ករុណា
កែសម្រួលដោយ ស្រីណា
