ខេត្តស្វាយរៀង៖ ក្រោមអធិបតីភាពរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។

ពិធីសម្ពោធសមិទ្ធផលនេះមានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ជាច្រើន រួមមានលោកស្រី យ៉សមីន ស៊ីដឌីហ្គី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងតំណាងថ្នាក់ដឹកនាំក្រសួង និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២០,៧ ហិកតា ដែលចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៦។ គម្រោងនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់រយៈពេល ២០ឆ្នាំ ដើម្បីផ្តល់សេវាកម្មគ្រប់គ្រងសំណល់រឹងដល់ប្រជាពលរដ្ឋចំនួន ៥សង្កាត់ រួមមាន៖ សង្កាត់បាវិត សង្កាត់ព្រៃអង្គុញ សង្កាត់ប្រាសាទ សង្កាត់បាទី និងសង្កាត់ច្រកម្ទេស។

ទីលានទុកដាក់សំរាមនេះ ត្រូវបានរចនាឡើងជា ៥រណ្តៅ ចែកជា ៤ដំណាក់កាល។ នៅដំណាក់កាលទី១ ត្រូវសាងសង់ចំនួន ២រណ្តៅ ដែលអាចផ្ទុកសំរាមបានចំនួន ៤២៧ ០០០ ម៉ែត្រគូប សម្រាប់ប្រើប្រាស់រយៈពេល ៦ឆ្នាំកន្លះ។ គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់អនាម័យ និងបរិស្ថាន ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត។

លោក ប៉េង ពោធិ៍នា បានអះអាងថា៖ “ទីលានទុកដាក់សំរាមនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ដែលនឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងធានាបរិស្ថានស្អាតស្អំសម្រាប់អនាគតកូនចៅរបស់យើង។”

គម្រោងទីក្រុងគួរឱ្យចង់រស់នៅ គឺជាគម្រោងសំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងការគ្រប់គ្រងសំណល់រឹងតាមបែបវិទ្យាសាស្ត្រ ដែលនឹងជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងធានាបរិស្ថានប្រកបដោយនិរន្តរភាព។

ប្រជាពលរដ្ឋក្នុងតំបន់បានបង្ហាញពីការរីករាយចំពោះការសាងសង់ទីលានទុកដាក់សំរាមនេះ ដោយជឿជាក់ថាវានឹងជួយកាត់បន្ថយបញ្ហាក្លិនស្អុយ និងការបំពុលបរិស្ថាន ដែលធ្លាប់កើតមានពីមុន។

គម្រោងនេះត្រូវបានគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញពីការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងបរិស្ថាននៅកម្ពុជា។

ដោយ៖ សុថាន
