ភាគខាងត្បូងប្រទេសលីបង់ – ក្រោមស្ថានភាពភ្លើងសង្គ្រាមដែលកំពុងឆាបឆេះជាមួយអ៊ីរ៉ង់ អ៊ីស្រាអែលបន្តបើកការវាយប្រហារទ្រង់ទ្រាយធំនៅលីបង់ ដោយប្រើវិធីសាស្រ្តកាចសាហាវដែលរំលោភច្បាប់អន្តរជាតិ។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការប្រើប្រាស់សារធាតុគីមីហាមឃាត់ និងការកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលជាឧក្រិដ្ឋកម្មសង្គ្រាម។
កាលពីដើមខែមីនា កងទ័ពអ៊ីស្រាអែលបានស្រោចផូស្វ័រពណ៌សនៅតំបន់ Yohmor ភាគខាងត្បូងលីបង់ បង្កជាការបារម្ភយ៉ាងខ្លាំង។ លោក Ramzi Kaiss អ្នកស្រាវជ្រាវអំពីលីបង់នៅ Human Rights Watch បានព្រមានថា៖ “ការប្រើផូស្វ័រពណ៌សទៅលើតំបន់លំនៅឋានគឺជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុត ហើយនឹងបង្កផលវិបាកធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិល។”
យោងតាមអង្គការសុខភាពពិភពលោក និង CDC អាមេរិក ផូស្វ័រពណ៌សគឺជាសារធាតុគីមីមានគ្រោះថ្នាក់ខ្លាំង ដែលតែងតែប្រើក្នុងយោធា។ វាអាចបណ្តាលឲ្យមានការរលាកគីមីយ៉ាងធ្ងន់ធ្ងរ បំផ្លាញផ្លូវដង្ហើម សួត ថ្លើម តម្រងនោម និងបេះដូង ឬអាចបណ្តាលឲ្យស្លាប់។

នៅចុងខែមីនា អ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកកម្ទេចស្ពាន Qasmiyeh ឆ្លងកាត់ទន្លេ Litani ភាគខាងជើងទីក្រុង Tyre នៃលីបង់។ សកម្មភាពខុសច្បាប់ទាំងនេះមិនមែនទើបតែកើតឡើងនៅលីបង់ទេ ប៉ុន្តែអ៊ីស្រាអែលបានធ្វើសកម្មភាពស្រដៀងគ្នានៅតំបន់ហ្គាហ្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
អត្ថបទ៖ សុខ សុវណ្ណ
