ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានដាស់តឿនព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់ម្ចាស់ទីតាំងគ្រប់ប្រភេទ ដែលត្រូវស្វែងយល់ពីអនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ បើមិនដូច្នេះទេ នឹងប្រឈមនឹងការផាកពិន័យចំនួន ៤លានរៀលសម្រាប់ជនបរទេសម្នាក់ៗ និងទោសទណ្ឌធ្ងន់ធ្ងរទៀត។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានធ្វើការព្រមានបែបនេះក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យនេះ ដែលបានរៀបចំឡើងនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ ពិធីនេះមានវត្តមានពីម្ចាស់ទីតាំងជាច្រើន រួមមានបុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅក្នុងរាជធានីភ្នំពេញ។
“ការរៀបចំពិធីផ្សព្វផ្សាយនេះ គឺដើម្បីឱ្យបងប្អូនម្ចាស់ទីតាំងទាំងអស់បានយល់ច្បាស់ពីបទប្បញ្ញត្តិថ្មីនេះ ដើម្បីជៀសវាងការផាកពិន័យធ្ងន់ធ្ងរ និងទោសទណ្ឌផ្សេងៗទៀត” លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់។

យោងតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ម្ចាស់ទីតាំងដែលជួលឱ្យជនបរទេសស្នាក់នៅ ត្រូវមានកាតព្វកិច្ចរាយការណ៍អំពីការស្នាក់នៅរបស់ជនបរទេសទាំងនោះ។ ក្នុងករណីធ្វេសប្រហែសមិនរាយការណ៍ និងមានបទល្មើសកើតឡើង នឹងត្រូវផាកពិន័យ ៤លានរៀលសម្រាប់ជនបរទេសម្នាក់ៗ។
“សូមគិតមើល បើមានជនបរទេស ១០ ទៅ ២០ នាក់ តើនឹងត្រូវផាកពិន័យប៉ុន្មាន? ដូច្នេះសូមបងប្អូនស្វែងយល់ឱ្យបានច្បាស់ ដើម្បីជៀសវាងការផាកពិន័យធ្ងន់ធ្ងរ” លោក ហ៊ុន សុរិទ្ធី បានបន្ថែម។

លោក ឆាយ វីរៈ បានពន្យល់បន្ថែមថា អនុក្រឹត្យនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រួលដល់ការអនុវត្តកិច្ចការរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
យោងតាមមាត្រា១៩ និង២០ នៃអនុក្រឹត្យនេះ៖
- ម្ចាស់ទីតាំងដែលធ្វេសប្រហែសមិនរាយការណ៍អំពីជនបរទេសស្នាក់នៅ ត្រូវផាកពិន័យ ៤លានរៀល
- ម្ចាស់ទីតាំងដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសចូលមកខុសច្បាប់ស្នាក់នៅ ត្រូវផាកពិន័យ ៤លានរៀលសម្រាប់ជនបរទេសម្នាក់ៗ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ

អាជ្ញាធរបានអំពាវនាវឱ្យម្ចាស់ទីតាំងទាំងអស់ស្វែងយល់ពីអនុក្រឹត្យនេះឱ្យបានច្បាស់លាស់ ហើយបើមានការសង្ស័យ ត្រូវរាយការណ៍ទៅអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចភ្លាមៗ ដើម្បីជៀសវាងការផាកពិន័យ និងទោសទណ្ឌ។
ដោយ៖ សំរិត
