ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនជ្រុលបុករថយន្តម៉ាស្តាពីចំហៀង ខណៈកំពុងបើកបត់ឆ្លងផ្លូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារពោធិ៍ចិនតុង ផ្លូវសហព័ន្ធរុស្ស៉ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាស្តា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AW 8555 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងបំណងត្រឡប់ក្រោយវិញ ខណៈបត់ឆ្លងក្បាលឡានបានបន្តិចស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះពីកើតទៅលិចក្នុងល្បឿនលឿន ក៏ជ្រុលបុករថយន្តចំក្បាលរថយន្តចំហៀងខាងស្តាំពេញទំហឹង បណ្តាលឱ្យដួលបោកទៅនិងថ្នល់ រងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ។



ដោយ៖ សុខាសែនជ័យ
