ក្រសួងព័ត៌មានចាត់ទុកសកម្មភាពអ្នកកាសែតមួយរូបថា ខ្វះភាពអាជីព និងមិនគោរពស្ត្រី

ក្រសួងព័ត៌មានចាត់ទុកសកម្មភាពអ្នកកាសែតមួយរូបថា ខ្វះភាពអាជីព និងមិនគោរពស្ត្រី

ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍ចាត់ទុកសកម្មភាពរបស់អ្នកកាសែតមួយរូបថា ខ្វះភាពអាជីព និងមិនគោរពសិទ្ធិបុគ្គល ក្រោយពីមានការផ្សាយផ្ទាល់ពីសកម្មភាពរបស់បុគ្គលនេះចំពោះក្រុមនារីដែលឈរលើផ្លូវវេងស្រេង។

ក្រសួងព័ត៌មានចេញសេចក្តីថ្លែងការណ៍

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ «ការសើចចំអក ឡកឡឺយ និងការប្រើកាយវិការមិនសមរម្យទៅលើប្រភពព័ត៌មាន ឬពលរដ្ឋដែលកំពុងរស់នៅតាមភាពប្រក្រតី គឺជាការបាត់បង់តម្លៃក្នុងនាមជាអ្នកផ្តល់ព័ត៌មាន។»

លោកបន្តថា៖ «វាជាទង្វើមិនគោរពសិទ្ធិបុគ្គល និងឯកជនភាពរបស់អ្នកដទៃ។ ការដេញតាមថត និងបង្ខំសាកសួរអ្នកដែលព្យាយាមគេចចេញពីកាមេរ៉ា គឺជាការរំលោភលើសិទ្ធិសេរីភាពបុគ្គលយ៉ាងធ្ងន់ធ្ងរ។»

សកម្មភាពអ្នកកាសែត

យោងតាមការបញ្ជាក់របស់ក្រសួងព័ត៌មាន បណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោក មាស សារ៉ា ត្រូវបានបញ្ចប់សុពលភាពកាលពីខែសីហា ឆ្នាំ២០២៥។ លើសពីនេះ ក្រសួងក៏បានបិទអង្គភាពសារព័ត៌មានរបស់លោក មិនឱ្យដំណើរការតទៅទៀត ដោយសារតែការបំពានច្បាប់ និងក្រមសីលធម៌ធ្ងន់ធ្ងរ។

«ដូច្នេះគាត់ពុំមានភាពស្របច្បាប់ជាអ្នកកាសែតទេ។ អ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួនជាង ៨ពាន់នាក់ ទាំងប្រព័ន្ធផ្សាយបែបប្រពៃណី និងបែបថ្មី។ អ្នកសារព័ត៌មានទាំងនេះ មានបណ្ណសម្គាល់អ្នកសារព័ត៌មាន ដែលចេញដោយក្រសួង ដើម្បីធ្វើការងាររបស់ខ្លួនដោយស្របច្បាប់ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ» លោក ទេព អស្នារិទ្ធ បញ្ជាក់។

ការអនុវត្តច្បាប់សារព័ត៌មាន

តាមការសង្កេតរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ជំនួសឱ្យការរាយការណ៍អំពីបញ្ហាសង្គមដោយភាពហ្មត់ចត់ ទង្វើនេះជាការយកការរស់នៅប្រចាំថ្ងៃ ភាពទុក្ខព្រួយ ឬស្ថានភាពលំបាករបស់សង្គមធ្វើជាការលេងសើច។

សកម្មភាពរាយការណ៍ព័ត៌មានបែបនេះ ប្រើប្រាស់ស្ថានភាពទាំងនោះដើម្បីទាក់ទាញការចាប់អារម្មណ៍ ទទួលបានអ្នកទស្សនាច្រើន បម្រើគោលបំណងឯកជន។ ផ្ទុយទៅវិញ ទង្វើនេះអាចបង្កការរើសអើង បង្អាប់តម្លៃមនុស្ស ប៉ះពាល់ដល់សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់មនុស្សនិយាយជារួម។

សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានបិទអង្គភាពសារព័ត៌មានអនឡាញឈ្មោះ សារ៉ា ស៊ីស៊ីអ៊ិន ធីវី លែងឱ្យដំណើរការតទៅទៀត ក្រោយអង្គភាពមួយនេះ បានចុះផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ។

ដោយ៖ សិលា

administrator

Related Articles