រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃបានរាយការណ៍ថា ស្ថានភាពគ្រោះអគ្គិភ័យនៅទូទាំងប្រទេសក្នុងសប្ដាហ៍ទី៣ (ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦) មានការថយចុះបើធៀបនឹងសប្ដាហ៍កន្លងទៅ។

ក្នុងសប្ដាហ៍ទី៣ ខែមីនា គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៤ករណី បណ្ដាលឱ្យខូចខាត និងឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ១១ខ្នង បន្ទប់ស្នាក់នៅ៥បន្ទប់ រោង១កន្លែង តូបលក់ដូរ១៨ ឡថ្នាំជក់១ ម៉ាស៊ីន៣គ្រឿង បំពង់កម្ដៅ១គ្រឿង គំនរអេតចាយ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។

ក្រសួងមហាផ្ទៃបានបន្តទៀតថា៖ បើធៀបនឹងសប្ដាហ៍ទី២ ខែមីនា គ្រោះអគ្គិភ័យនេះ បានថយចុះ៦ករណី ខណៈការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ក៏បានថយចុះ៤ខ្នង។ ករណីអគ្គិភ័យដែលបានកើតឡើងក្នុងសប្ដាហ៍ទី៣ ខែមីនានេះ មាននៅក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ កំពង់ចាម និងខេត្តបាត់ដំបង។
គួររម្លឹកថា ក្នុងខែកុម្ភៈកន្លងទៅនេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៩៧ករណី បានបណ្ដាលឱ្យឆេះផ្ទះសម្បែងប្រជាពលរដ្ឋ ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង។ ក្នុងករណីមានអគ្គិភ័យកើតឡើង សូមទាក់ទងទៅកាន់លេខ ១១៨ ឬតាមតេឡេក្រាម ១១៨ ដើម្បីសុំការអន្តរាគមន៍ពីកម្លាំងជំនាញ ឬរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន។
