វិមានរដ្ឋសភា – លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុននឹងចេញទៅបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៨។

ក្នុងឱកាសនោះ លោក កុល រដ្ឋា តំណាងនិស្សិតជ័យលាភី បានគោរពរាយការណ៍ជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងអង្គពិធីអំពីកម្មវិធីសិក្សានៅប្រទេសជប៉ុន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋសភា។

លោកកិត្តិសេដ្ឋាបណ្ឌិត បាននាំនូវការអបអរសាទរយ៉ាងក្រៃលែងពីសំណាក់ សម្តេចប្រធានរដ្ឋសភា ជូនដល់និស្សិតទាំងអស់ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការទទួលបានអាហារូបករណ៍ដែលមានកិត្យានុភាពនេះ គឺជាសក្ខីភាពនៃសមត្ថភាពពិតប្រាកដរបស់យុវជនខ្មែរ។

លោកអនុប្រធានទី១ រដ្ឋសភា ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗដល់និស្សិត ឱ្យខិតខំសិក្សារៀនសូត្រ ថែរក្សាសុខភាព និងរក្សាសាមគ្គីភាពរវាងនិស្សិតខ្មែរ និងស្ថាប័នទូតឱ្យបានស្អិតល្មួត។

ពិសេសជាងនេះទៅទៀត លោកបានជំរុញឱ្យនិស្សិតម្នាក់ៗត្រូវធ្វើខ្លួនជា “អ្នកការទូត” ក្នុងការផ្សព្វផ្សាយពីការពិតនៃសន្តិភាព វប្បធម៌ និងទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ជាមួយគ្នានេះ លោកក៏បានរំលេចពីជំហររបស់កម្ពុជាក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីតាមផ្លូវច្បាប់ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព ដោះស្រាយបញ្ហាដោយសន្តិវិធី។

លោកអនុប្រធានទី 1 រដ្ឋសភា បានសម្តែងក្តីសង្ឃឹមថា ក្រោយបញ្ចប់ការសិក្សា និស្សិតទាំងអស់នឹងត្រឡប់មកមាតុភូមិវិញជាមួយរបកគំហើញថ្មីៗ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់នាវាកម្ពុជា។

ការជួបជុំនេះបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមការតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ដោយ ៖ សិលា




